រដ្ឋសភាកម្ពុជា សម្ពោធអគាររដ្ឋបាលថ្មីកម្ពស់ ១២ជាន់ តម្លៃ ២៥លានដុល្លារ ជាជំនួយពីប្រទេសវៀតណាម

អគារដ្ឋបាលថ្មីនៃរដ្ឋសភាដែលមានកម្ពស់១២ជាន់ បានសម្ពោធដាក់ឱ្យប្រើប្រាស់នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនចំពោះ បក្សកុម្មុយនីស្ត រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយឧបត្ថម្ភចំនួន ២៥លានដុល្លារ ដល់ការសាងសង់អគាររដ្ឋបាលថ្មីនេះ ជូនរដ្ឋសភានិងប្រជាជនកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា​ អគារដ៏ស្កឹមស្កៃដែលកំពុងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បានបំពេញបន្ថែមឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋសភាកម្ពុជា ជាពិសេសនឹងរួមចំណែកដល់តម្រូវការនៃការកែទម្រង់អភិបាលកិច្ច ប្រែក្លាយជាសភាឌីជីថល និងការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាតួអង្គដ៏សំខាន់ក្នុងការបម្រើសេវាជូនដល់ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ដែលជាតំណាងឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត។

សម្តេចក៏បានគូសបញ្ជាក់ថា ជំនួយដ៏ថ្លៃថ្លារបស់ប្រទេសវៀតណាមនេះ គឺជានិមិត្តរូបមួយ នៃចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ ហើយនៅក្នុងឱកាសនោះ ឯកឧត្តម ត្រិន ថាញ់មិន ក៏បានលើកឡើងដែរថា សំណង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាអំណោយរបស់ប្រជាជនវៀតណាមជូនប្រជាជនកម្ពុជានេះ នឹងក្លាយជានិមិត្តរូបនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏រឹងមាំនៃប្រទេសទំាងពីរ។ ឯកឧត្តមសង្ឃឹមថា សំណង់អគារដែលមានបំពាក់សម្ភារៈទំនើបនេះ នឹងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់រដ្ឋសភានៅក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថាប្រទេសវៀតណាមនិងប្រទេសកម្ពុជា តែងតែចែករំលែក និងជួយគ្នាទៅវិញទៅមកជាប់ជានិច្ចតាំងពីដើមរហូតមក។

អគាររដ្ឋបាលថ្មី ដែលជាអំណោយរបស់ប្រទេសវៀតណាមនេះ បានសាងសង់អស់ទឹកប្រាក់២៥លានដុល្លារ មានកម្ពស់១២ជាន់​ និងបំពាក់ដោយសម្ភារៈទំនើប មានរចនាបថស្ថាបត្យកម្មខ្មែរ។ អគារដ្ឋបាលថ្មីនេះ នឹងបម្រើដល់ការងាររដ្ឋបាលរបស់រដ្ឋសភា ដូចជា ជាការិយាល័យរបស់គណៈកម្មការជំនាញរដ្ឋសភា ជាសាលប្រជុំ ព្រមទំាងជាការិយាល័យរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។
សំណង់អគាររដ្ឋបាលនេះបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៦​ និងអតីតប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀង ស៊ុនហ្វុក។

នៅក្នុងឱកាសអញ្ជើញសម្ពោធអគាររដ្ឋបាលថ្មីនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម ត្រិន ថាញ់មិន បានប្តេជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម​ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទំាងក្នុងក្របខណ្ឌទ្វេភាគី​ និងពហុភាគី ស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសយើងទាំងពីរ៕