សម្ដេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលបានប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងគណបក្សនយោបាយមួយចំនួននៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។
សម្ដេចបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្នដែលកំពុងជួបប្រទះនូវបណ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ។
សម្ដេចតេជោបានចែករំលែកនូវទស្សនៈ បទពិសោធន៍ ឧត្តម្មានុវត្តន៍ជាអ្នកដឹកនាំ នៅក្នុងរយៈពេលជិតកន្លះសតវត្សរ៍កន្លងទៅនេះ ប្រកបដោយពលិកម្ម និងការយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម, ការសាងប្រទេសពីស្ថានភាពស្ទើរសូន្យ, ការចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិល និងការនាំមកនូវសន្តិភាពដែលមានរយៈពេលយូរបំផុតនៅកម្ពុជា ក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ។
សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាមានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អជីវភាពប្រជាជន។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន លើកកម្ពស់ សាមគ្គីភាព ឯកភាពជាតិ ការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និង ការពាររដ្ឋធម្មនុញ្ញ ធានាឱ្យប្រទេសជាតិរក្សាបាននូវសន្ដិភាព ស្ថិរភាព សន្ដិសុខសណ្ដាប់ធ្នាប់សង្គមយ៉ាងរឹងមាំ និងធានាដំណើរការអភិវឌ្ឍលើគ្រប់វិស័យបន្ដទៀត។ សន្តិភាព ស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនត្រូវបានការពារ យ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល។ ទិសស្លោក «អរគុណសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់» បានក្លាយជាស្មារតីសង្គមដ៏ខ្លាំងក្លា រស់រវើក ក្នុងការការពាររាល់សមិទ្ធផល សង្គមជាតិ និងដំណើរទៅមុខរបស់ជាតិ។ កម្ពុជាសង្ឃឹមថាកម្ពុជានឹងអាចចូលរួមចំណែកចែករំលែកអំពីបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរកសាង ថែរក្សា និងលើកកម្ពស់សន្តិភាព និងការផ្សះផ្សាទៅកាន់ពិភពលោកទាំងមូល។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានអញ្ជើញ ឯកឧត្តម លោកជំទាវ និងអង្គប្រជុំទាំងមូលចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា ព្រមទាំងចូលរួមគាំទ្រដល់ការអនុម័តធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី ដែលនឹងក្លាយជាក្របខ័ណ្ឌអន្តរជាតិមួយបង្កើតឡើងដើម្បីពង្រឹងនូវសាមគ្គីភាព និងភាពជាដៃគូសកល ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងភាពរុងរឿងសម្រាប់មនុស្សជាតិ៕