ដំណឹងរៀបការនៅឆ្នាំក្រោយរបស់តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត មិនមែនជារឿងលេងសើចទេ អ្នកទាំងពីរគ្រោងដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរជាលើកទី២ នៅឆ្នាំក្រោយយ៉ាងពិតប្រាកដមែន សូម្បីតែ ទេព បូព្រឹក្ស ផ្ទាល់ក៏បាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនថា ត្រូវតែរៀបការឆ្នាំក្រោយឱ្យផ្អើលប្រទេស ។
តារាចម្រៀង ទេព បូព្រឹក្ស និង លោក ជី ដេវីត មានក្តីស្រមៃរួមគ្នាចង់បង្កើតកូនស្រីម្នាក់ទៀតមុនពេលខ្លួនរៀបចំពិធីមង្គលការលើកទី២ ប៉ុន្តែពេលនេះអ្នកទាំងពីរបានត្រឹមតែកូនប្រុសម្នាក់ជាចំណងដៃប៉ុណ្ណោះ តែអ្នកទាំងពីរហាក់ដូចជាទ្រាំចាំលែងបានហើយ រហូតបានព្រលយពាក្យថា ចង់រៀបការឆ្នាំក្រោយ ចំណែកលោក ជី ដេវីត ដែលជាស្វាមីវិញក៏មិនបង្អង់យូរដែរ ថែមទាំងបានសន្យាថា នឹងរៀបចំពិធីមង្គលការរបស់ខ្លួននៅឆ្នាំក្រោយឱ្យផ្អើលប្រទេស ។
តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានចាប់ផ្តើមស្រឡាញ់និងរួមរស់ជាមួយគ្នាតាំងពីឆ្នាំ ២០១៥ ដោយអ្នកទាំងពីរបានរៀបចំពិធីសែនព្រេនទៅតាមប្រពៃណី និងបានចុះអេតាស៊ីវិលនិងគ្នារួចរាល់ហើយដែរ គ្រាន់តែពិធីនោះពុំមានវត្តមានសិល្បករចូលរួមនោះទេ រហូតថ្មីៗនេះអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់គួរឱ្យស្រឡាញ់ដែលមានវ័យជិតពីរឆ្នាំហើយ ។
បន្ទាប់ពីទទួលបានចំណងដៃកូនប្រុសម្នាក់មក តារាចម្រៀង ទេព បូព្រឹក្ស ហាក់ដូចជាទ្រាំលែងជាប់ចង់រៀបចំពិធីមង្គលការដែលមានលក្ខណៈធំដុំ និងត្រៀមអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ជាក់ស្តែងបន្ទាប់ពីបានចូលរួមពិធីមង្គលការរបស់តារាចម្រៀង សុភ័ក្រ្ត កុសុម៉ា កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស ស្រាប់តែបង្ហាញពីតម្រុយរឿងរៀបការ ។
ចំពោះរឿងរៀបការ ទេព បូព្រឹក្ស បានប្រាប់ទៅកាន់មិត្តភក្តិរបស់ខ្លួនថា មង្គលការរបស់នាងអាចនឹងរៀបចំឡើងនៅឆ្នាំក្រោយយ៉ាងពិតប្រាកដ ។ ងាកមកមើលលោក ជី ដេវីត ដែលជាស្វាមីវិញ លោកថែមទាំងបាននិយាយប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « ឆ្នាំក្រោយការឱ្យផ្អើលកម្ពុជា » ។
ចាប់តាំងពីចាប់ដៃគ្នាមកជីវភាព ទេវ បូព្រឹក្ស និងលោក ជី ដេវីដ កាន់តែរីកចម្រើន និងមានទ្រព្យសម្បត្តិចាយវាយមិនខ្វះ ទាំង ផ្ទះសំបែប រថយន្តទំនើបៗ និងមុខជំនួញជាដើម…។ ជារៀងរាល់ឆ្នាំអ្នកទាំងពីរបានជះលុយរាប់ម៉ឺនដុល្លារ ទៅចាយជីវិតហ៊ឹហារនៅក្រៅប្រទេស ជាមួយនិងការទិញរបស់ប្រ៊េប្រ៊េៗ ដើម្បីសាកថ្មជីវិត ៕