លោកជំទាវ ជូ ប៊ុនអេង៖ កម្ពុជាកំពុងដោះស្រាយបញ្ហាបទល្មើសជួញដូរមនុស្ស ដែលមានលក្ខណៈសាំញ៉ាំ និងប្រកបដោយល្បិចកល

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ កម្រិតបច្ចេកទេសពិនិត្យ ពិភាក្សា របាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស ១០ខែ ឆ្នាំ២០២៤ និងលេីកទិសដៅការងារ ឆ្នាំ២០២៥ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពីឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក តាមបណ្តាក្រសួង ស្ថាប័នដែលជាសមាជិក គ.ជ.ប.ជគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស រាជធានី ខេត្ត និងអង្គការដៃគូពាក់ព័ន្ធសរុបចំនួន៧០រូប។

លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាកំពុងដោះស្រាយនូវភាពរងគ្រោះ បញ្ហាបទល្មើសជួញដូរមនុស្ស បង្កដោយជនបរទេស ដែលមានលក្ខណៈសាំញ៉ាំ និងប្រកបដោយល្បិចកល នៃជនល្មើស។ លោកជំទាវបានបន្តថាអំពើជួញដូរមនុស្ស ភាគច្រើនបង្កឡើងដោយជនបរទេស គឺមានច្រើនទម្រង់ និងប្លែកៗ ដូចជាករណីខ្លះ ជនបរទេសជាជនល្មើសធ្វើការបោកប្រាស់ និងជួញដូរជនរងគ្រោះ រស់នៅក្នុងប្រទេសកម្ពុជា និងករណីខ្លះទៀត ជនល្មើសសម្ងំរស់នៅក្នុងប្រទេសកម្ពុជាប៉ុន្តែធ្វើការបោកប្រាស់ ឬអូសទាញជនរងគ្រោះនៅប្រទេសផ្សេងៗ។

លោកជំទាវ បន្ថែមទៀតថា ចំពោះបញ្ហាបទល្មើសជួញដូរមនុស្សនេះ ករណីខ្លះជនបរទេស ដែលជាជនល្មើសបោកប្រាស់ជនជាតិផ្សេង ឬពលរដ្ឋខ្មែរ ហើយករណីខ្លះពួកគេបោកប្រាស់ជនជាតិដូចគ្នា ដោយបញ្ហាជួញដូរ ស្ថិតក្រោមរូបភាពច្រើន ដូចជាការពពោះជំនួស ការគំរាមកំហែង និងសកម្មភាពផ្សេងៗតាមអនឡាញ ការតេតាមទូរស័ព្ទ ឬជួបផ្ទាល់។

ជាមួយនេះលោកជំទាវ ក៏បានជំរុញបន្ថែម ដល់សមត្ថកិច្ចពាក់ព័ន្ធបន្តខិតខំដោះស្រាយ និងទប់ស្កាត់នូវរាល់ទម្រង់ នៃបទល្មើសជួញដូរផ្សេងៗ ដែលមានដូចជាការអប់រំផ្សព្វផ្សាយ និងការទប់ស្កាត់នៅតាមច្រកព្រំដែនជាដើម។

ក្នុងឱកាសនោះ លោកជំទាវប្រធាន គ.ជ.ប.ជ បានគូសបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវមានភាពឈឺចាប់ នៅពេលដែលបរទេសបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងបញ្ជីជាប្រទេសមានចំណាត់ថ្នាក់ទាប ពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសជួញដូរមនុស្សដោយត្រូវរួមប្រឹងប្រែងដោះស្រាយ កុំឱ្យមានការបណ្ដែតបណ្ដោយ៕