នៅថ្ងៃស្អែក រដ្ឋសភា​នឹង​បោះឆ្នោត​ផ្តល់សេច​ក្តីទុកចិត្ត លើការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស

រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៤ ដែលស្នើដោយរាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។

របៀបវារៈសំខាន់ៗចំនួន៤នោះ រួមមាន៖

១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ចំនួន២ រូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហ​ប្រ​តិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។

២-ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ស្តីពីការអ​នុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម។

៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

គួរបញ្ជាក់ថា ចំពោះការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល គឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកទី២ហើយ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ នៅលើកទី១ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយឯកឧត្តម សុខ សូកេន ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ហើយឯកឧត្តម ហួត ហាក់ ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងទេសចរណ៍វិញ ៕