ស្របពេលដែលមានលេចលឺព័ត៌មានថា តារាស្រីដែលមានរូបសម្រស់ស្រស់សោភា សំណាង អេលីណា ត្រៀមខ្លួនរៀបការជាមួយមិត្តប្រុសរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ស្រាប់តែនាងចេញមុខបដិសេធបែបនេះទៅវិញ ។
កញ្ញា សំណាង អេលីណា កំពុងតែលេចធ្លោខ្លាំងនៅក្នុងពិភពសម្តែង ជាក់ស្តែងរាល់ស្នាដៃរបស់នាងចេញម្តងៗ តែងតែផ្ទុះការចាប់អារម្មណ៍ច្រើនពីសំណាក់ទស្សនិកជន ។ ថ្មីៗនេះ សំណាង អេលីណា ក៏បានចូលរួមពិធីមង្គលការរបស់តារាចម្រៀង សុភ័ក្រ្ត កុសុម៉ា ផងដែរ មានមិត្តភក្តិជាច្រើនបាននិយាយចំអែចំអន់នាងថា តើពេលណារៀបការ ? លឺថាមានដំណឹងល្អក្នុងពេលឆាប់ៗ ? ចំពោះសំណួរនេះបានធ្វើឱ្យ សំណាង អេលីណា គាំងនិយាយស្ទើរតែមិនចេញ ។
ទោះបីជាយ៉ាងនេះក្តី សំណាង អេលីណា បានបញ្ជាក់ប្រាប់ថា នាងគ្មានគម្រោងរៀបការទេ អ្វីដែលគេនិយាយនោះគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ នាងពុំទាន់រកឃើញដៃគូ ឬអ្នកត្រូវរៀបការជាមួយឃើញនៅឡើយទេ អ្វីដែលសំខាន់ក្នុងពេលនេះ គឺនាងចង់ពង្រឹងការងារ និងបន្តការសិក្សារបស់ខ្លួនឱ្យចប់ចុងចប់ដើមសិន ។
សំណាង អេលីណា គឺជាស្រីស្អាតសប្បូរស្នេហ៍ដែលមានបុរសជាច្រើនប្រាថ្នាចង់បានជាគូ ប៉ុន្តែចំពោះរឿងស្នេហា គឺនាងប្រកាសបិទទ្វារបេះដូង រងចាំបំណងប្រាថ្នាធំនាងក្លានជាការពិតសិនទើបនាងបើកបេះដូង ។
កញ្ញា សំណាង អេលីណា កំពុងមមាញឹកខ្លាំងនៅក្នុងការងារវិស័យបវរកញ្ញា ពីព្រោះនាងបានចូលខ្លួនទៅជួយការងារវិស័យនេះ បន្ទាប់ពីនាងបានចូលរួមប្រកួតកាលពីឆ្នាំទៅមិញ ។ នាងសង្ឃឹមថាវិស័យបវរកញ្ញានៅក្នុងប្រទេស កម្ពុជា នឹងកាន់តែរីកចំរើនឡើងនាថ្ងៃអនាគត ៕