ពីកម្ពុជា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ គោរពការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់តម្លៃនៃសន្តិភាព

ថ្នាក់ដឹកនាំ និងជាតំណាងគណបក្សសមាជិក CDI មកពីបណ្តាប្រទេសជុំវិញពិភព លោកបានប្រមូលផ្ដុំគ្នានៅក្រុងសៀមរាប ប្រទេសកម្ពុជា សម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC) រៀបចំដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកសាងសន្តិភាពនៅក្នុងលំដាប់ពិភពលោកថ្មី»។

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី។

ក្នុងសេចក្តីថ្លែងការណ៍ CDI កោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមយ៉ាងសកម្ម ការរួមចំណែកផ្តល់យោបល់ជាអនេក ក៏ដូចជា ការចែករំលែកនូវបទពិសោធន៍របស់ថ្នាក់ដឹកនាំ និងអ្នកតំណាង CDI ទាំងអស់ជាទីគោរព នៅក្នុងការ ពិភាក្សានេះ ស្តីអំពីកិច្ចការនយោបាយពិភពលោក ដែលប៉ះពាល់ទៅដល់សន្តិភាព សន្តិសុខ និងទំនាក់ទំនងអន្តរជាតិ ដែលជាតម្លៃរបស់អ្នកប្រជាធិបតេយ្យនិយមកណ្តាល និងការចែករំលែកនានាទាក់ទិននឹងសេចក្ដីសាទរពួកគេចំពោះសន្តិភាពពិភពលោក។

សេចក្តីថ្លែងការណ៍ដដែល បានបន្តថា៖ «យើងគោរពការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ CDI និងក្រុមគ្រួសារសកល CDI ក្នុងការលើកកម្ពស់តម្លៃនៃសន្តិភាពតាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ស្ដីអំពីតម្លៃនៃសន្តិភាព និងការស្វែងរកសាមគ្គី ភាពនយោបាយអន្តរជាតិកាន់តែខ្លាំង និងស៊ីជម្រៅក្នុងស្មារតីសមូហភាពមួយ ដើម្បីពង្រឹងប្រាជ្ញា កម្លាំង និងភាពស៊ីសង្វាក់គ្នាបង្កើនសន្តិភាព ក្រោមនិម្មាបនម្មអន្ដរជាតិនៃការកសាងសន្តិភាព ដែលបានចែងនៅក្នុងធម្មនុញ្ញសន្តិ ភាពជាសកល ដែលត្រូវបានដាក់ឱ្យអនុម័តនៅ សម័យប្រជុំពេញអង្គរបស់សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ (IPTP)។ ក្នុងនោះ សម័យប្រជុំនេះដែលកម្ពុជា ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤»។

សេចក្តីថ្លែងការណ៍ បានកត់សម្គាល់អំពីភាពបន្ទាន់ ក្នុងការស្តារទំនុកចិត្តអន្តរជាតិឡើងវិញ ដើម្បីរក្សាបាននូវភាពយុត្តិធម៌ រួមប្រកបដោយបរិយាប័ន្ន និងកសាងប្រព័ន្ធអន្តរជាតិមួយដែលមានភាពធន់ ក្រោមធម្មនុញ្ញអង្គការសហប្រជា ជាតិដែលជាស្នូលរបស់ខ្លួន ខណៈមានការចែងអំពីគោលការណ៍របស់ CDI ក្នុងធម្មនុញ្ញរបស់ខ្លួន រួមទាំងការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនឈ្លានពាន ការមិនជ្រៀតជ្រែកក្នុងកិច្ច ការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ការរក្សាផលប្រយោជន៍រួម និងការរួមរស់ដោយសន្តិភាព។

តាមរយៈសេចក្តីថ្លែងការណ៍ CDI គាំទ្រ និងទទួលយកនូវគោលបំណង និងបេសកកម្មនៃធម្មនុញ្ញសន្តិភាពសកល ដែលស្របតាមធម្ម នុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាអន្តរជាតិដែលទទួលស្គាល់ជាសកលផ្សេងទៀតរួមមាន៖ សេចក្តី ប្រកាសទីក្រុងបានដុង និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ដូច្នេះ យើង ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ សសរស្តម្ភគន្លឹះនៃធម្មនុញ្ញសន្តិភាពសកលក្រោមរូបភាពដូចជា ១) ការ ទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ ៣) យុត្តិធម៌អន្តរកាល ៤) ការកសាង ឡើងវិញក្រោយជម្លោះ និងមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ និង ៥) សន្តិសុខស្បៀង និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ CDI កត់សម្គាល់ដោយពេញចិត្តយ៉ាងខ្លាំងដែល CDI កំពុងក្លាយជាវេទិកានយោបាយដ៏រឹងមាំ និងជាវេទិកាបើកចំហែតែមួយគត់ ដល់គណបក្សនយោបាយទាំងអស់នៅទូទាំងវិសាលភាពមនោគមវិជ្ជា ដើម្បីនាំមកនូវ ការរួបរួមល្អបំផុតនៃពិភពលោក ដែលមានភាពចម្រុះជាមួយនឹងចក្ខុវិស័យមួយគឺ «ការកសាងសហគមន៍ពិភព លោក» នៃសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព ភាពសុខដុមរមនា និងវិបុលភាព។ ក្នុងស្មារតីនេះ យើងបាន រំលឹកពីតម្រូវការក្នុងការពង្រីកចំនួនតួនាទីនៃគណបក្សនយោបាយ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង។

បន្ថែមពីនេះក៏កត់សម្គាល់ផងដែរថា CDI គឺជាស្ពានតភ្ជាប់ក្រុមនយោបាយនៅអាស៊ី អាមេរិកឡាទីន អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង។ យើងបានបន្តការសន្យារបស់យើងដើម្បីបន្តការខិតខំជំរុញកិច្ចសហប្រតិបត្តិការ ជាមួយគណបក្សនយោបាយក្នុងតំបន់ផ្សេងទៀត ហើយរួមចំណែកក្នុងការនាំយកមកនូវ សន្តិភាព និងស្ថិរភាព នៅកម្រិតពិភពលោក តាមរយៈកិច្ចសន្ទនា និងការផ្លាស់ប្តូរនានា។ ជាចុងក្រោយ យើងយល់ព្រមបង្កើនកិច្ចសហ ប្រតិបត្តិការជាមួយដៃគូនយោបាយក្នុងតំបន់របស់យើង ជាមួយនឹងការដាក់បើកដំណើរការនូវបណ្តាញ CDI អាស៊ីប៉ាស៊ីហ្វិក និងការិយាល័យពាក់ព័ន្ធនៃលេខាធិការដ្ឋាន CDI ។

តាមន័យនេះ យើងមានកាតព្វកិច្ចធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងសភានៅក្នុងតំបន់ ក៏ដូចជា ការបង្កើនគំនិតផ្តួចផ្តើម និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ផ្សេងទៀត ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពសកល។ នេះជាការបន្ថែមក្នុងសេចក្តីថ្លែងការណ៍៕