ថ្មីៗនេះ មានការផ្សព្វផ្សាយបំផុសបំផុលលើបណ្តាញសង្គមថា បើថ្លៃស្រូវរបស់ប្រជាកសិករ លក់បានថ្លៃទាបជាង ១០០០៛ ឲ្យទូរស័ព្ទទៅលេខ1289។ ជុំវិញការផ្សព្វផ្សាយនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានចាត់ទុកការបំផុសបែបនេះមានចេតនាធ្វើឱ្យមានការយល់ច្រលំ។
នៅលើបណ្តាញសង្គម ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា៖ «គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម មួយគីឡូស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ ចុះហេតុអ្វីបានជាអ្នកខ្លះថាត្រឹមតែ៩០០៛ ហើយខ្លះទៀតបែរជាថារហូតដល់ ១៣០០៛? យើងមិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូបឬស្រូវផ្ការំដួលបានទៅទៀត។ ប្រភេទស្រូវអង្ករស-បាយរឹង ដូចជាស្រូវនាងអំ នាងអុក ឬក្រសាំងទាប ជាធម្មតា ថ្លៃតែងស្ថិតក្នុងរង្វង់៩០០៛ជារៀងរាល់ឆ្នាំទៅហើយ វាមិនចម្លែកទេ ព្រោះមានថ្លៃដើមទាប មិនចំណាយច្រើនដូចពូជស្រូវផ្សេងឡើយ។
ខ្ញុំដឹងច្បាស់ព្រោះខ្ញុំបានដឹកនាំចងក្រងសហគមន៍កសិកម្មទំនើបស្រូវនាងអំដោយផ្ទាល់ ហើយកសិករសមាជិកសប្បាយចិត្តខ្លាំងណាស់ ដែលលក់បានក្នុងតម្លៃ៩៥០៛/គីឡូ។
ថ្លៃស្រូវឆ្នាំ២០២៣គឺជាករណីពិសេសមួយ ដែលឥណ្ឌាបិទការនាំចេញអង្ករ និងធ្វើឱ្យថ្លៃស្រូវហក់ឡើង២០%-៣០% ភ្លាមៗ។ ការវិលទៅរកប្រក្រតីភាពនៃថ្លៃស្រូវក្នុងឆ្នាំនេះមិនបានធ្វើឱ្យកសិករខ្មែរខាតបង់នោះទេ ហើយតាមពិតទៅ ថ្លៃស្រូវឆ្នាំ២០២៤ ល្អជាងថ្លៃកាលពីឆ្នាំ២០២០ ២០២១ និង២០២២ ទៅទៀតផង»។
ឯកឧត្តមបានបន្តថា នៅមានកត្តាផ្សេងៗទៀត ដែលតែងត្រូវបានយកមកធ្វើឱ្យមានការយល់ច្រលំ ដូចជាស្រូវដែលមានគុណភាពក្រោមស្តង់ដា ឬស្រូវលក់ក្នុងបរិមាណតិចតួចនៅតំបន់ដែលមានទីតាំងដាច់ស្រយាលជាដើម។ អ្នកដែលបំផុសថា «បើថ្លៃស្រូវទាបជាង១០០០៛ ទូរស័ព្ទទៅលេខ1289» មានចេតនាធ្វើឱ្យមានការយល់ច្រលំ ច្រើនជាងចង់ផ្តល់ព័ត៌មានពិតជួយដល់កសិករយើង។
មន្រ្តីកសិកម្មឃុំនៅតាមមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលជូនបងប្អូនកសិករយើងលើបញ្ហាទីផ្សារនិងតម្លៃស្រូវ ហើយប្រសិនបើនៅមានចម្ងល់អ្វីពាក់ព័ន្ធនឹងចំណុចទាំងនេះ អាចទំនាក់ទំនងសុំព័តមានបន្ថែមពីលេខទូរស័ព្ទ«១២៨៩»បាន។ នេះជាករបន្ថែមរបស់ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម៕