រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលគឺនៅថ្ងៃទី១៤ ,១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានមហាជនប្រមាណជាង៦លាននាក់ បានមកចូលរួមដើរលេងកម្សាន្ត ទស្សនា ការប្រណាំងទូក បណ្ដែតប្រទីប និងបាញ់កាំជ្រួចនៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក មានមហាជនចូលរួមជាង១លាន១សែននាក់, នៅថ្ងៃទី២ មានប្រមាណជាង២លាន២សែននាក់ និងថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង២លាន៩សែននាក់ ។
ដោយឡែកសម្រាប់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ទូទៅវិញ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា មានភាពល្អប្រសើរ ពោលគឺមិនមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានប្រព្រឹត្តនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង៕
អត្ថបទ៖ ពុទ្ធិកា