សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់វិនិយោគិនបរទេសថា ច្បាប់វិនិយោគរបស់កម្ពុជាមាន​លក្ខណៈសេរីនិងការលើកទឹក​ចិត្តចម្រុះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអះអាងថា ច្បាប់ វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយនឹងការលើកទឹកចិត្តចម្រុះ មានភាពបត់បែន និងមានភាពការលើកទឹកចិត្តដល់អ្នកវិនិយោគ ខណៈកម្ពុជាមានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតបទៅនឹងវិនិយោគ។

ការអះអាងបែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិនត្រកូលលីនពិភពលោក  មកពីបណ្តាប្រទេសទាំង ១៥ និង ៣៨ តំបន់ ដែលបានធ្វើដំណើរមកកម្ពុជា ចូលរួមមហាសន្និបាតសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទ្បើងថា កម្ពុជា​ជា​ទីតាំង​យុទ្ធសាស្ត្រ និងទទួលបាន​ឱកាសអំពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។ ការវិនិយោគ​នៅ​កម្ពុជា គឺមិនត្រឹម​តែ​វិនិយោគ​សម្រាប់​ទីផ្សារ​ប្រជាជន​ ១៧​លាន​នាក់ ​នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន, កម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ក៏ដូចជាការផ្តល់ជូនជាច្រើនទៀត និងការផ្តល់ជូនលើទីផ្សារ នៅអឺរ៉ុប និងប្រទេសដទៃទៀត ដូច្នេះ​ការ​វិនិយោគ​នៅ​កម្ពុជា គឺជាការ​វិនិយោគ​ទៅ​កាន់​តំបន់ផ្សេង​ទៀតលើនៃ​ពិភពលោក។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយកម្ពុជាបាន និងកំពុងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់កម្ពុជា ទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៅក្នុងតំបន់។ ចំណែកឯ សេដ្ឋកិច្ចបៃតង និងឌីជីថល ​ជា​តំបន់​ថ្មី និង​ជា​អាទិភាព​ថ្មី​របស់​រដ្ឋាភិបាល ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តចំពោះថាមពលប្រកបដោយនិរន្តរភាព ជាមួយនឹងសក្តានុពលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។

គួរបញ្ជាក់ថា កម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ ២០២៤ ដែលនេះបានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការពង្រីកផ្នែក FDI។ ជាមួយគ្នានេះកម្ពុជាមានយុវជនថាមវន្ត និងប្រជាជននិយាយភាសាអង់គ្លេស។ ៦០% នៃចំនួនប្រជាជនរបស់ខ្លួនមាន អាយុក្រោម៣៥ឆ្នាំ៕

អត្ថបទ៖ ពុទ្ធិកា