ថ្ងៃភ្ជាប់ពាក្យ ហេង នរៈកក្កដា ទទួលបានការជូនពរ និងថវិការពីសម្តេចពុក ទោះទឹកភ្នែកហូរគ្មានវត្តមានអ្នកមានគុណតែខ្លួនកក់ក្តៅចិត្ត ! 

នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់តារាសម្តែង ហេង នរៈកក្កដា កាលពីថ្ងៃទី ១១​ខែ វិច្ឆិកា កន្លងមកនេះ លោកទទួលបានការជូនពរ និងថវិការពីសម្តេចពុក បើទោះជានៅក្នុងថ្ងៃនោះលោកបានហូរទឹកភ្នែក ព្រោះគ្មានអ្នកមានគុណក៏ពិតមែន តែលោកកក់ក្តៅចិត្តនៅពេលដែលសម្តេចពុកបានផ្ញើសារជូនពរយ៉ាងកក់ក្តៅរួមជាមួយថវិការមួយចំនួន ។ 

ទោះបីជាពិធីភ្ជាប់ពាក្យ ប៉ុន្តែ ហេង នរៈកក្កដា បានរៀបចំយ៉ាងធំដុំប្រៀបដូចជាពិធីមង្គលការទៅហើយ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ដោយអារម្មណ៍រំភើបនៅក្នុងពិធីក្រាបផ្ទឹម ហេង នរៈកក្កដា បានស្រក់ទឹកភ្នែក ដោយសារគ្មានវត្តមានឪពុកម្តាយចូលរួមក្នុងថ្ងៃពិសេសខ្លួន ។

នេះត្រឹមពិធីភ្ជាប់ពាក្យប៉ុណ្ណោះតារាសម្តែងរូបសង្ហា ហេង នរៈកក្កដា ស្រក់ទឹកភ្នែកប៉ុហ្នឹងហើយ ចុះទំរាំថ្ងៃមង្គលការវិញ មិនដឹងតារាសម្តែងរូបនេះ ទប់អារម្មណ៍បានឬយ៉ាងណាទេ ? ចំពោះរឿងនេះលោក ហេង នរៈកក្កដា បានបង្ហើបប្រាប់ថា នៅពេលដែលឃើញញាតិមិត្តមកចូលរួមនិងលឺភ្លេងបែបនេះទៀត លោកទប់ទឹកភ្នែកពុំបានទេ ព្រោះនឹករលឹកអ្នកមានគុណដែលបានចាកឆ្ងាយទៅអស់ពេលជាយូរមកហើយ ពិតជាស្រណោះណាស់ ដែលពុំមានវត្តមានរបស់ពួកគាត់ ។

តារាសម្តែង ហេង នរៈកក្កដា បានបាត់មុខពីឆាកសម្តែងអស់ពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីលោកងាកទៅចាប់អាជីពរកស៊ីជំនួសវិញ ហើយលោកក៏បានក្លាយទៅជាកីឡាករនៅក្នុងក្រុមបាល់ទាត់ តារាកម្ពុជា ផងដែរ។ 

នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់ ហេង នរៈកក្កដា នោះ លោកក៏ទទួលបានការសារជូនពរពីសម្តេចពុក ព្រមទាំងថវិការចងដៃមួយចំនួនផងដែរ ។ និយាយដោយក្តីរំភើបចិត្ត ហេង នរៈកក្កដា ត្រេតអររកអ្វីប្រៀបផ្ទឹមពុំបាន នៅពេលដែលទទួលបានភាពកក់ក្តៅពីសម្តេចពុក ៕