សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ពិភពលោកកំពុងប្រឈម នឹងការផ្ទុះសង្គ្រាមលោកថ្មី ខណៈលទ្ធភាពនៃការផ្ទុះអាវុធនុយក្លេអ៊ែរ ក៏កើនឡើងខ្ពស់ថែមទៀត។
អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បានលើកឡើងថា សង្រ្គាមពិភពលោកថ្មី មិនមែនថាមិនអាចជៀសមិនរួចឡើយ ប៉ុន្តែហានិភ័យនៃការប្រឈមមុខដាក់គ្នា បញ្ហាអាវុធនុយក្លេអ៊ែកំពុងកើនឡើង និងធ្ងន់ធ្ងរជាងការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុទៅទៀត។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ពូទីននិយាយច្បាស់ៗថា ពិភពលោកកំពុងជួបនឹងទសវត្សអាក្រក់បំផុត តាំងពីផ្ទុះសង្គ្រាមលោកលើកទី ២ ហើយចាត់ទុកសង្គ្រាមនៅអ៊ុយក្រែន ជាសមរភូមិដែលមានស្រាប់ជាមួយលោកខាងលិច ខណៈរុស្ស៊ីអះអាងថា នឹងធ្វើគ្រប់មធ្យោបាយដើម្បីការពារខ្លួនពីការឈ្លានពានពីសត្រូវទាំងឡាយ។
សូមជម្រាបដែរថា សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានថ្កោលទោសរុស្ស៊ី ចំពោះការឈ្លានពាន និងចាត់ទុកថា សកម្មភាពមួយនេះជាការរំលោភយកទឹកដីរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនស្បថថា នឹងវាយបកទៅលើរុស្ស៊ី លុះត្រាតែពួកគេដណ្ដើមបានទឹកដីបានមកវិញ៕