កិច្ចប្រជុំកំពូល CLMV៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជំរុញវិស័យកសិកម្មជាអាទិភាពគន្លឹះ និងរួមគ្នាជាប្រទេសបួនគោលដៅតែមួយ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យជំរុញវិស័យកសិកម្មជាអាទិភាពគន្លឹះ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ផលិតភាព និងទិន្នផល សម្រាប់សន្តិសុខស្បៀង និងបានគូសបញ្ជាក់ពីតម្រូវការក្នុងការខិតខំប្រឹងប្រែងនៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីជួយដល់សហគ្រាសធុនតូចនិងមធ្យម និងសារសំខាន់ក្នុងការទាញ​យកអត្ថប្រយោជន៍ពីផែនការការងារ ទី៤នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត សំដៅដោះស្រាយឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV និងវិស័យអាទិភាពនានា។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានរំលេចថាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព គឺជាកត្ត ចាំបាច់មិនអាចខ្វះបាន ក្នុងការធានាបាននូវសុវត្ថិភាព សុខុមាលភាព និងវិបុលភាពសម្រាប់ប្រជាជន ព្រមទាំងការពារផលប្រយោជន៍ក្នុងតំបន់។

ការលើកឡើងរបស់សម្តេចបវរធិបតី ក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី ១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ដែលមានភាពធន់ និងវិបុលភាព» នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃព្រហស្បតិ៍ ទី៧ វិច្ឆិកា ២០២៤។

ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋន សាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា បានដឹកនាំកិច្ចប្រជុំកំពូលនេះ។ ក្នុងនោះ ថ្នាក់ដឹកនាំ CLMV បានពិនិត្យ ឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូល CLMV កាលពីឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ និងបានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ថ្នាក់ដឹកនាំ CLMV បានអះអាងសាជាថ្មីអំពីឆន្ទៈនយោបាយ និងសេចក្តីប្រាថ្នារួមគ្នាដើម្បីសន្តិភាព និងវិបុលភាពរួម តាមរយៈការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ព្រមទាំងការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជន។

ថ្នាក់ដឹកនាំបានលើកទឹកចិត្តឱ្យបន្តការជំរុញរួមគ្នានូវយុទ្ធនាការ “ប្រទេសបួន គោលដៅតែមួយ” ដើម្បីធានានូវទេសចរណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ តាមរយៈការសម្របសម្រួលកាន់តែប្រសើរឡើង ការផ្លាស់ប្តូរ ព័ត៌មាននិងឧត្តមានុវត្តន៍ ភាពជាដៃគូរដ្ឋ-ផ្នែកឯកជន ជាពិសេស ការផ្សព្វផ្សាយនិងការអភិវឌ្ឍផលិតផលទេសចរណ៍។

ថ្នាក់ដឹកនាំបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្មថាមពល ឧស្សាហកម្ម ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍កម្ពុជា(ICT) និងការដឹកជញ្ជូន ក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌលវិនិយោគនិងភ័ស្តុភារដែលមានភាពទាក់ទាញ និងរួមចំណែកដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥៕