ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីកាកោះហៅ លោក សម រង្ស៉ី និងភរិយា ជូឡុង សូមូរ៉ា ឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះ អ៊ុំ វីរៈរដ្ឋ ដែលប្តឹងលោក សម រង្ស៉ី និងភរិយា រឿងជំពាក់ប្រាក់ថ្លៃសាងសង់ផ្ទះដែលនៅសល់ ប្រមាណ១៣០០០ដុល្លារ (១ម៉ឺន៣ពាន់ដុល្លារ) មិនទាន់សង។
តាមបណ្តឹងរបស់ លោក អ៊ុំ វីរៈរដ្ឋ អាយុ៥២ឆ្នាំ មុខរបរពាណិជ្ជករ រស់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌពោធិ៍សែន័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៩ អំឡុងពេលដែល លោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្ស សម រង្ស៉ី លោកបានទទួលម៉ៅការសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់ លោក សម រង្ស៉ី និងប្រពន្ធលោកស្រី ជូឡុង សូមួរ៉ា ដែលក្រោយមកក្លាយជាទីស្នាក់ការរបស់គណបក្សសម រង្ស៉ី ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អស់ទឹកប្រាក់ប្រមាណជាង $៨៥,០០០ដុល្លារអាមេរិក ដោយក្នុងនោះលោក សម រង្ស៉ី និងប្រពន្ធលោកស្រី ជូឡុង សូមួរ៉ា នៅសល់ជំពាក់ប្រាក់សាងសង់របស់លោកប្រមាណ $១៣,០០០ដុល្លារអាមេរិក មិនទាន់ទូទាត់ឱ្យលោកនៅឡើយនោះទេ មកទល់បច្ចុប្បន្ន។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ដោយហេតុថា អំឡុងពេលនោះ លោក អ៊ុំ វីរៈរដ្ឋ ជាសមាជិកភាពរបស់គណបក្ស សម រង្ស៉ី ហេតុនេះលោកមិនដែលហ៊ានរំលឹក ឬធ្វើការទាមទារប្រាក់ដែលនៅសល់ខាងលើនោះទេ ព្រោះគិតថាជាមេរបស់ខ្លួន ប៉ុន្តែលោកស្រី ជូឡុង សូមូរ៉ា និងក្រុមការងារគណបក្សតែងតែបានសន្យាថា នឹងប្រគល់ប្រាក់ដែលនៅសល់មកឱ្យលោក ដោយបានលើកពេល ជាបន្តបន្ទាប់និងមិនទាន់ធ្វើការទូទាត់ប្រាក់មកឱ្យលោកនោះទេ។
លោក អ៊ុំ វីរៈរដ្ឋ បានបញ្ជាក់បន្ថែមថា ដោយមូលហេតុកាលពីអំឡុងពេលនោះ លោកក៏ជាសមាជិកភាពរបស់គណ បក្ស សម រង្ស៉ី ដោយមានការជឿជាក់ និងងប់ងល់លើចលនាដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្ស ទើបការទទួលការម៉ៅការសាងសង់គឺ ពុំបានធ្វើជាលិខិតលាយលក្ខណ៍អក្សរអ្វីនោះទេ។ ប៉ុន្តែក្រោយមកប្រពន្ធរបស់លោកឈ្មោះ រ៉ានី រស្មី ក៏បានធ្លាប់ប្តឹងទាមទារប្រាក់ពីលោក សម រង្ស៉ី និងលោកស្រី ជូឡុង សូមូរ៉ា ម្តងរួចមក ហើយតាមរយៈប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើ ប៉ុន្តែពុំមានដំណោះស្រាយ។
លោក អ៊ុំ វីរៈរដ្ឋ បានបញ្ជាក់បន្ថែមទៀតថា ដោយហេតុថានៅពេលលោកចូលរួមជីវភាពនយោបាយជាមួយគណបក្ស សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ដោយជឿលង់យ៉ាងងប់ងល់លើមនោគមន៍វិជ្ជានយោបាយរបស់គណបក្សជាពិសេសលោក សម រង្ស៉ី និងលោក កឹម សុខា ដោយលោកបានលះបង់នូវកម្លាំងកាយចិត្ត និងថវិកាយ៉ាងច្រើន ប៉ុន្តែផ្ទុយទៅ វិញនៅពេលលោករងទុក្ខវេទនារហូត ក្លាយជាអ្នកទោសដោយសារសកម្មភាពល្មើសច្បាប់របស់ចលនាគណបក្សដឹកនាំដោយដោយលោក សម រង្ស៉ី រហូតធ្លាក់ខ្លួនជាប់ពន្ធនាគារក៏មិនដែលឃើញថ្នាក់ដឹកនាំ ឬសមាជិកគណបក្សណាមួយមកជួយឧបត្ថម្ភដល់ជីវភាព និងគ្មានសូម្បីតែការសួរសុខទុក្ខ ដែលធ្វើឱ្យលោកមានការឈឺចាប់ និងក្រុមគ្រួសាររងទុក្ខវេនា ព្រោះតែជ្រុលខ្លួនដើរខុសតាមការដឹកនាំនិងញុះញង់ របស់អ្នកនយោបាយទុច្ចរិត។
ហេតុនេះលោកត្រូវតែក្រោកឡើងទាមទារសិទ្ធិរបស់លោកឡើងវិញតាម រយៈបំណុលដែល លោក សម រង្ស៉ី និងភរិយា នៅជំពាក់លោក ដើម្បីយកមកដោះស្រាយជីវភាពដែលកំពុងតែជួបការខ្វះខាតយ៉ាងធ្ងន់ធ្ងរ។
ពាក់ព័ន្ធនឹងបណ្តឹងនេះ លោក អ៊ុំ វីរៈរដ្ឋ បានស្នើតុលាការចេញសេចក្តីសម្រេច៤ចំណុចដូចតទៅ៖
១៖ បង្គាប់ឱ្យសហចុងចម្លើយសងប្រាក់ចំនួន$១៣,០០០ (មួយម៉ឺនបីពាន់)ដុល្លារអាមេរិកឱ្យដើមចោទ។
២៖ បង្គាប់ឱ្យសហចុងចម្លើយសំណងជំងឺចិត្ត និងសំណងការខូចខាត ចំនួន $១០,០០០ (មួយម៉ឺន) ដុល្លារអាមេរិច ឱ្យដើមចោទ។
៣៖ ស្នើសុំឱ្យតុលាការចេញសេចក្តីសម្រេច មានអានុភាពអនុវត្តជាបណ្តោះអាសន្នត្រង់ ចំណុចទី១។
៤៖ ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់សហចុងចម្លើយ៕