សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ។
ក្នុងឱកាសជំនួបនេះ ក្រៅពីលើកឡើងពី សកម្មភាពវិនិយោគនាពេលកន្លងមករបស់ក្រុមហ៊ុននៅកម្ពុជា និងអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងរយៈ៥ឆ្នាំខាងមុខលើការបង្កើតសួនឧស្សាហកម្ម លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។
លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា បណ្តាក្រុមហ៊ុនជាច្រេីនរបស់ចិន បានធ្វេីដំណេីរទស្សនកិច្ចពាណិជ្ជកម្មមកកម្ពុជា៤លេីកមកហេីយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដេីម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការរីករាយចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅកម្ពុជា និងមានផែនការពង្រីកការវិនិយោគបន្ថែមទៀត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ការដាក់ចេញនូវគោលនយោបាយដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ជោគជ័យរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះជាចំណុចដ៏ល្អមួយ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់នូវការគាំទ្រ និងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលផលិតនូវច្រវាក់ផលិតកម្មដេីម្បីផ្តង់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ៕
អត្ថបទ៖ ពុទ្ធិកា