មេដឹកនាំ មីង អ៊ុងឡាំង អរគុណកម្ពុជា ដែលចែករំលែកបទពិសោធន៍ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ក្រៅកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមិញ ខេត្តយូណាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួបពិភាក្សាងារងារជាមួយនាយឧត្ដមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប នាយឧត្ដមសេនីយ៍ Min Aung Hlaing បានជម្រាបជូនសម្ដេចនាយករដ្ឋមន្រ្តីអំពីស្ថានការណ៍នយោបាយទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកល នាពេលខាងមុខរបស់មីយ៉ាន់ម៉ា ព្រមទាំងបានអរគុណកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទានមួយចំនួនក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយនៅសហភាពមីយ៉ាន់ម៉ា និងសង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5-Point Conensus) របស់អាស៊ាន។ 

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី និងប្រធានក្រុមប្រឹក្សារដ្ឋក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម និង ការតភ្ជាប់ប្រជាជននិងប្រជាជន៕