សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះជំនួប លោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសដំណាំទុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ដែលនេះនឹងចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន នៅកម្ពុជា។
លោកស្រី Xuemei Chen បានបញ្ជាក់ថា លោកស្រីធ្លាប់មកទស្សនាប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេសគឺឧស្សាហកម្មផ្លែឈើ ដំណាំទុរេន។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើការវិនិយោគខាងវិស័យកសិកម្ម ជាពិសេសដំណាំទុរេន នៅកម្ពុជា ហើយសម្ដេច បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លីខាងមុខ៕
អត្ថបទ៖ ពុទ្ធិកា