សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ចំនួន២៣៦៥នាក់។ នៅព្រឹថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំកំពូលៗក្នុងជួរគណបក្សប្រជាជនកម្ពុជា មានថ្នាក់ ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំដ៏ធំ វិមាន ៧ មករា នៃស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ អបអរសាទរ និងស្វាគមន៍ចំពោះសមាជិកថ្មី ដែលជាអតីតមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សនានា ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅពេលនេះ។
សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី និងសមិទ្ធផលរយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយមានការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់។ នៅក្នុងពិធីសំណេះសំណាលនេះផងដែរ សម្តេចតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗដែលជាគោលដៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងនោះ ចំពោះគោលដៅរយៈពេលវែង៖ ទី១-គឺយើងត្រូវរក្សាឲ្យបាននូវកត្តាសន្តិភាព ពីព្រោះថាកត្តាសន្តិភាពគឺជាកត្តាសំខាន់ មិនថាប្រទេសណានោះទេតែងតែត្រូវការសន្តិភាព បើគ្មានសន្តិភាពគឺមិនមានការអភិវឌ្ឍអ្វីឡើយ។ ទី២-ត្រូវខិតខំដើម្បីនាំប្រទេសមួយនេះ ឲ្យចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅត្រឹមឆ្នាំ២០២៩។ ទី៣-ត្រូវខិតខំជំរុញប្រទេសមួយនេះ ឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាគោលដៅដែលយើងបានកំណត់តាំងពីដំបូងនោះ។ ទី៤- ខិតខំសម្រេចអោយបានជាប្រទសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ចំពោះគោលដៅរយៈពេលខ្លី និងមធ្យមវិញនោះ សម្ដេចតេជោបានផ្តល់អនុសាសន៍ និងកំណត់គោលដៅអទិភាពសំខាន់ៗដូចជា៖ទី១-ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានល្អប្រសើរ។ ទី២-រក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និង ទប់ស្កាត់អតិផរណា។ ទី៣-ខិតខំរួមគ្នាវិលទៅរកកំណើនសេដ្ឋកិច្ចដូចមុនកូវីដ១៩ ក្នុងរង្វង់៧% ។ ទី៤- ប្តេជ្ញាកំចាត់ចោលក្រុមបដិវត្តន៍ពណ៍ដែលមានបំណលផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធរដ្ឋធម្មនុញ្ញ និងក្រោមប្រព័ន្ធប្រជាធិបតេយ្យ។
ជាថ្មីម្ដងទៀត សម្ដេចតេជោ ប្រធានគណបក្ស បានថ្លែងអរគុណចំពោះបងប្អូនសមាជិកថ្មីទាំងអស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាបន្តការងារជាតិមាតុភូមិរបស់យើង ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅមុខទៀត៕