បង្កើតភូមិថ្មីមួយទៀត ឈ្មោះ «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ក្នុងភូមិសាស្ត្រឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាមសំណើររបស់រដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចេញប្រកាសស្ដីពី «បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ដែលមានស្ថិតនៅក្នុងភូមិសាស្ត្រឃុំ ព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នៅក្នុងប្រកាសមាត្រា១ សម្រេចដូច្នេះថា៖ «បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់»។​

គួររំឭកថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ដីសម្បទានសង្គមកិច្ចប្រមាណជាង ៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៦២៨គ្រួសារបានរស់នៅ និងកសាងជីវភាពថ្មី។

អាជ្ញាធរខេត្តពោធិ៍សាត់បានសិក្សាឃើញថា តំបន់នេះមានខ្សែទឹកធម្មជាតិចំនួន ៨ខ្សែ ដែលហូរធ្លាក់ពីតំបន់ភ្នំនៅជុំវិញ ដូច្នេះអាជ្ញាធរមានគម្រោងធ្វើទំនប់ស្ទាក់ទឹក និងបង្ហៀទឹកជូនប្រជាជនប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។ ក្រៅពីនេះ អាជ្ញាធរខេត្តនឹងអភិវឌ្ឍភូមិនេះឱ្យក្លាយជាគោលដៅអេកូទេសចរណ៍ ព្រោះមានសក្ដានុពលលើវិស័យទេសចរណ៍ ទេសភាពភ្នំព័ទ្ធជុំវិញ មានទឹកធ្លាក់ និងវិស័យគាំទ្រយ៉ាងសម្បូរបែប។

សូមជម្រាបថា យោងឯកសាររបស់នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គិតត្រឹមខែមករា ឆ្នាំ២០២៤​ ប្រទេសកម្ពុជា មាន ២៥រាជធានី ខេត្ត, ២០៩ ក្រុង ស្រុក ខណ្ឌ, ១៦៥២ ឃុំ សង្កាត់, និង ១៤៥៧៧ ភូមិ៕

អត្ថបទ៖ អក្ខរា