ទំនាក់ទំនងរវាងប្រទេសចិន និងរុស្ស៊ី អាចនិយាយបានថាជាសម្ព័ន្ធមិត្តត្បូងពេជ្រ ដោយសារកិច្ចសហការរវាងប្រទេសទាំង ២ គ្មានដែនកំណត់ ខណៈការធ្វើពាណិជ្ជកម្មក៏មានសឹងតែគ្រប់វិស័យ។
យ៉ាងណា បេសកជនចិន Fu Cong ក៏បានបង្ហើបដែរថា មិនមែនតែរុស្ស៊ីឡើយ ដែលចិនចង់បង្កើតទំនាក់ទំនងល្អនោះ ពោលចិនក៏យល់ព្រមពង្រឹងសម្ព័ន្ធមិត្តជាមួយអឺរ៉ុបឲ្យកាន់តែរឹងមាំ ដូចទៅនឹងរុស្ស៊ីដែរ។ នេះបើតាមការចុះផ្សាយពី CNA។
“ចំណងមិត្តភាព និងកិច្ចសហការគ្នារវាងប្រទេស និងប្រទេសគឺមិនចេះរីងស្ងួតឡើយ ហើយវាមិនគួរកំណត់ដោយប្រការណាមួយទេ។ តួយ៉ាងដូចជាកិច្ចសហការ Sino-Russian ដែលមិនមានដែនកំណត់ ហើយរវាងចិន និងអឺរ៉ុបក៏អាចកើតមានដូចគ្នា”។ នេះបើតាមសម្ដីរបស់លោក Fu បាននិយាយទៅកាន់សារព័ត៌មាន។
គួររំលឹកដែរថា អ្នកការទូតអឺរ៉ុបជាច្រើនបានថ្កោលទោសចិន ជុំវិញការមិនចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើសម្ព័ន្ធមិត្តរុស្ស៊ី ហើយថែមទាំងបានចុះកិច្ចព្រមព្រៀងភាពជាដៃគូគ្មានដែនកំណត់ តែប៉ុន្មានថ្ងៃមុនផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។
សូមជម្រាបបន្ថែមថា លោក Fu បានព្រមានចំពោះ “ចេតនា” ប្រើប្រាស់ទំនាក់ទំនងរវាងចិន-រុស្ស៊ី ដើម្បីសាបព្រោះជម្លោះរវាងចិន និងអឺរ៉ុប និងបានច្រានចោលចចាមអារ៉ាមថា ចិន “ដឹងដំណឹងពីការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែនមុនពេលកើតហេតុ” ឬក៏ជាអ្នកផ្គត់ផ្គង់អាវុធទៅកាន់រុស្ស៊ី៕