ទីបំផុតមង្គលការរបស់តារាចម្រៀង សុភ័ក្រ្ត កុសុម៉ា បានរៀបចំឡើងយ៉ាងធំដុំតាមប្រពៃណីខ្មែរ ហើយនាងទទួលបានចំណងដៃហួសពីការរំពឹងទុក អ្វីដែលពិសេសនោះ គឺ ចិញ្ចៀន ក្រវិល និងខ្សែកពេជ្រ ដែលនាងទទួលបានពីស្វាមី មានតម្លៃរហូតដល់ទៅជាង ១០ ម៉ឺនដុល្លារឯណោះ ។
នៅក្នុងពិធីបំពាក់ចិញ្ចៀន សុភ័ក្រ្ត កុសុម៉ា ញញឹមបិទមាត់មិនជិតឡើយ ជាពិសេសពេលដែលស្វាមីនាងបានបំពាក់ចិញ្ចៀនដល់រូបនាង ។ គ្រាន់តែឃើញបែបនេះសិល្បករសិល្បការិនីដែលបានចូលរួមកាលពីព្រឹកមិញនេះម្នាក់ៗរំភើប ត្រេអរជំនួស និងជូនពរនាងមានសុភមង្គលនៅក្នុងគ្រួសារ ។
គ្រឿងអលង្ការដែលតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា ទទួលបានត្រូវបានគេដឹងថា តម្លៃជាង ១០ ម៉ឺនដុល្លារឯណោះ ដូចជា ចិញ្ចៀនពេជ្រ ក្រវិលពេជ្រ និង ខ្សែកពេជ្រ ទាំងនេះមិនទាន់រាប់បញ្ចូលពីថ្លៃបណ្ណាការនៅឡើយទេ ។
ជាមួយនិងក្តីរំភើបនោះ សុភ័ក្រ្ត កុសុម៉ា ក៏បានរៀបរាប់ប្រាប់ថា នាងបានស្រឡាញ់ និង ស្គាល់គ្នាជាមួយស្វាមី នៅពេលដែលនាងនិងគ្រួសារធ្វើពិធីបុណ្យកឋិនទាន នេះជាអ្វីដែលនាងចងចាំមិនភ្លេចឡើយ ។
នាពេលនោះផងដែរ សុភ័ក្រ្ត កុសុម៉ា ក៏បានស្រក់ទឹកភ្នែករំភើបចិត្ត នៅពេលដែលឃើញញាតិមិត្ត ចូលរួមជូនពរជ័យនៅក្នុងថ្ងៃពិសេសរបស់ខ្លួន ។ ពេលរៀបការរួច សុភ័ក្រ្ត កុសុម៉ា ត្រៀនឹងយកកូនភ្លាមៗ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ។ ចំណែកស្វាមីរបស់នាងនឹងផ្លាស់មករស់នៅទីក្រុងភ្នំពេញជុំគ្រួសារ ៕