សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហា​អនុតំ​បន់មេគង្គ នៅទីក្រុងគុនមិញ ប្រទេសចិន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិ​ច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS)​លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី ១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូលកិច្ចសហ​ប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

អញ្ជើញអមដំណើរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំកំពូលទាំងនេះ រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ,រដ្ឋមន្ត្រី ,មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមកពីសភាពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជាផងដែរ។

កិច្ចប្រជុំកំពូលទាំងនេះ នឹងពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រា​ប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។

ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគុនមិញ សម្តេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេស ផងដែរ៕

អត្ថបទ៖ ពុទ្ធិកា