សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញដឹកនាំដង្ហែអង្គក​ឋិនទាន​មហាសាមគ្គីគ្រួ​សារខ្មែរ នៅថ្ងៃទី៤ វិច្ឆិកាខាងមុខ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញដឹកនាំ ដង្ហែអង្គកឋិនទានមហា​សាម​គ្គី​គ្រួសា​រខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ ប្រទេសវៀតណាម នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។ ក្បួនដង្ហែ នឹងផ្តើមចេញដំណើរពីវិមាន ៧មករា ស្ថិតនៅមហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដោយឡែក វេលាម៉ោង ២រសៀល នៅថ្ងៃទី០៣ ខែវិច្ឆិកា រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងរៀបចំប្រារព្ធពិធីក្រុងពលី នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងការប្រារព្ធពិធី ក្រុងពលី និងពិធីដង្ហែអង្គកឋិនទាននេះ អាជ្ញាធររាជធានីភ្នំពេញ ស្នើសុំពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ជុំវិញទីតាំងប្រារព្ធពិធី មេត្តាយោគយល់ អធ្យាស្រ័យនិងពង្វាងចរាចរ ដោយអនុគ្រោះ ដោយសារទីតាំងប្រារព្ធពិធីនឹងមានចរាចរមមាញឹកខ្លាំង។

គួរបញ្ជាក់ថា ការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមនេះ  ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាឧត្តមភិរិយាសម្តេច បានគិតច្រើនឆ្នាំមកហើយ  ប៉ុន្តែជាអកុសលឪពុកសម្តេចបានទទួលមរណភាពនៅឆ្នាំ២០១៣ ដែលគ្រួសារសម្តេចសម្រេចផ្អាក ការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ រឿងថ្មីបានកើតឡើងគឺម្តាយក្មេកសម្តេចមានជម្ងឺ និងមរណភាព នៅឆ្នាំ២០២០ សម្តេចនិងក្រុមគ្រួសារសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលរៀបចំឡើងនាពេលនេះ ធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត៕

អត្ថបទ៖ ពុទ្ធិកា