សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកមានធនធាន ដូចជាប្រធានក្រុមហ៊ុន ជាឧកញ៉ា និងជាឧបនាយករដ្ឋមន្ត្រីជាដើម ឲ្យជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ ដឹងដើម្បីលើកទឹកចិត្តដល់កីឡាករប្រដាល់ ព្រមទាំងដើម្បីឲ្យវិស័យគុនខ្មែរកាន់តែរីកចម្រើនទៅមុខទៀត។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ជ្រោយចង្វារ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កីឡាគុនខ្មែរ បច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ។ សម្តេចក៏បានស្នើឱ្យមានការពិចារណាជួយគាំទ្រ ការបណ្តុះបណ្តាលតាមបណ្តាក្លឹបគុនខ្មែរនៅតាមខេត្តនានាទូទាំងប្រទេស។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកគ្រប់គ្រងកីឡាករប្រដាល់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្គូរផ្គងកីឡាករ មិនអាចផ្គូរផ្គងឱ្យប្រកួតរាល់សប្តាហ៍នោះទេ មិនអាចចេះតែធ្វើតាមចំណង់ចំណូលចិត្តនោះឡើយ។ ហើយបច្ចុប្បន្ននេះ ការផ្គូរផ្គងកីឡាករឱ្យប្រកួតរាល់សប្តាហ៍ពេក នឹងធ្វើឱ្យខូចកីឡាករ និងឆាប់ចុះខ្សោយកម្លាំង។
សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរ ចំពោះការប្រកួតរបស់កីឡាករបាល់ទាត់គុនខ្មែរ ដែលទទួលបានថវិការហូតដល់ប្រមាណ១ពាន់លានរៀលកាលពីពេលកន្លងទៅនេះ។
អត្ថបទ៖ ពុធ្ធិកា