រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានស្នើសុំការគាំទ្រពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួយជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិនឱ្យមកបន្តបណ្តាក់ទុនលើគម្រោងវិនិយោគធំៗនៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀតរបស់កម្ពុជា។ ការស្នើនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួប២ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី០១ ខែតុលា វិច្ឆិកា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងធ្វើពិពិធកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ឱ្យកាន់តែ ប្រសើរឡើងថែមទៀតដោយមិនអាចបញ្ឈប់ការសាងសង់ត្រឹមផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុនោះទេ គឺមានគម្រោងវិនិយោគធំៗបន្ថែមទៀតដូចជា៖ ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត ដែលបានប្រកាសបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ, ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព, គម្រោងសាងសង់និងលើកកម្រិតគុណភាពបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានមួយចំនួន, គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោងអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, គម្រោងពង្រីកសមត្ថភាពកំពង់ផែ និងគម្រោងអភិវឌ្ឍន៍និងធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវដែកនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលមានរយៈពេល ៦៦ឆ្នាំ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងវិវឌ្ឍន៍ទៅជាមិត្តភាពដែកថែប ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៤នេះ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រឱ្យកាន់តែរឹងមាំរីកចម្រើន ស្ថិតស្ថិរជាអមតៈ រួមទាំងសម្រេចឱ្យបាននូវការកសាង សហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន ផងដែរ។
គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរួមចំណែកជួយដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពានសរុបប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក និងសាងសង់ខ្សែផ្លូវប្រវែងសរុប ប្រមាណជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ ១៦ស្ពាន ប្រវែងសរុបប្រមាណជាង ១៤ពាន់ម៉ែត្រ៕
អត្ថបទ៖ ពុទ្ធិកា