ភាគីពាក់ព័ន្ធកូរ៉េទាំងអស់ មានទំនុកចិត្តក្នុងការរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព ផ្ទុយពីការផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយតំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងវិស័យឯកជនទីផ្សារទេសចរណ៍កម្ពុជា កូរ៉េ កាលពីរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់​ធ្នាប់​ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីសាធារណរដ្ឋកូរ៉េ។ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ។

សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែបង្ហាញថាពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េ ឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

កន្លងទៅថ្មីៗនេះ មានទូរទស្សន៍កូរ៉េមួយ បានចុះផ្សាយដោយចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះ ដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយនេះ និងស្នើសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ជឿជាក់លើវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងរាល់បទល្មើសទាំងឡាយ និងប្រយុទ្ធប្រឆាំងដាច់ខាត នឹងចរន្តព័ត៌មានក្លែងក្លាយ៕

អត្ថបទ៖ អក្ខរា