អគ្គនាយកដ្ឋានពន្ធដារ បំភ្លឺ ករណីផ្សព្វផ្សាយថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។ សេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ ករណីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំទាន់បានចុះបញ្ជីពន្ធដារនៅឡើយ ហើយអគ្គនាយកដ្ឋានពន្ធដារ ពុំបានបង្គាប់ឱ្យ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨លានរៀលនោះទេ។
សេចក្តីបំភ្លឺបានឲ្យដឹងថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា មានការលើកឡើង តាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ជាពិសេសវិទ្យុបារាំងអន្តរជាតិ RFI តាមរយៈគេហទំព័រ Facebook នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា “សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្ដាហ៍ក្រោយ។ នេះបើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែតុលានេះ។
តាមលោកស្រី អ៊ុក ឆាយ៉ាវី ក្រសួងសេដ្ឋកិច្ចបានបង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨ លានរៀល ឬស្មើជិត ៥ ពាន់ដុល្លារ។ តែលោកស្រីអះអាងថា សមាគមគ្មានលទ្ធភាពបង់ពន្ធទេ ដោយសារតែសមាគមគ្មានប្រាក់ចំណូល ហើយបុគ្គលិកក៏សុទ្ធជាអ្នកធ្វើការងារដោយស្ម័គ្រចិត្ត”។
អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលទាំងស្រុងនូវការលើកឡើងនេះ ដែលជាការអះអាង ពុំបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវលើអគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំទាន់បានចុះបញ្ជីពន្ធដារនៅឡើយ ហើយអគ្គនាយកដ្ឋានពន្ធដារ ពុំបានបង្គាប់ឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨ លានរៀលនោះទេ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជម្រាបសាធារណជនមេត្តាកុំមាន ការយល់ច្រឡំ។ សម្រាប់រាល់ចម្ងល់នានា ពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកលេខ ១២៧៧ ដោយឥតគិតថ្ល រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ឬដាក់លិខិតមកអគ្គនាយកដ្ឋានពន្ធដារ ឬ អង្គភាពពន្ធដារ ដោយផ្ទាល់ ឬតាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិក GDT e-Administration៕