សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តការកែទម្រង់ក្នុងវិស័យកីឡា ទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើតសមិទ្ធផលកីឡា ដើម្បីទាក់ទាញការគាំទ្រកាន់តែខ្លាំងក្លៀវក្លាយ និងទទួលបានភាពជោគជ័យទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

ប្រសាសន៍របស់សម្តេចបវរធិបតី ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី ២ ដែលមានប្រតិភូកីឡា យុទ្ធគុនចម្រុះទាំង១៨ប្រទេស ដែលបានចូលរួម។ កម្ពុជាក៏បានរៀបចំការប្រកួត កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ថែមទៀត ដែលការប្រកួតនេះ អាចចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់យុទ្ធគុនដូនតាខ្មែរ ដើម្បីអភិរក្សនូវអនុភាពនៃ យុទ្ធគុនបុព្វបុរសខ្មែរគ្រប់ជំនាន់ និងលើកទឹកចិត្តឱ្យកូនចៅខ្មែរជំនាន់ក្រោយចូលរួមអភិវឌ្ឍយុទ្ធគុនដូនតាខ្មែរ និងយុទ្ធគុនវប្បធម៌ជាតិឡើងវិញ។

ប្រមុខរាជរដ្ឋាភិបាលថ្លែងថា ការរៀបចំកីឡាជាតិនាពេលនេះ ជាការរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពកីឡារបស់កម្ពុជា ជាពិសេសការត្រៀមខ្លួនចូលរួមការប្រកួតកីឡាយុវជនអាស៊ី និងកីឡាផ្សេងៗទៀត។ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការនេះ អាចរៀបចំឡើងបាន ដោយមិនអាចកាត់ ផ្តាច់ពីកត្តាសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិបានទេ៕