ព្រះមហាក្សត្រ នរោត្តម សីហមុនី បានមានព្រះបន្ទូលដោយបង្ហាញពីមោទនភាពថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនកម្ពុជាជាទីស្រឡាញ់របស់ព្រះអង្គទទួលបានសេចក្ដីសុខក្សេមក្សាន្តនៅទូទាំងប្រទេស ហើយប្រទេសកម្ពុជាកំពុងបន្តបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។
ក្នុងព្រះរាជសុន្ទរកថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តមជាប្រវត្តិសាស្ត្រនៃព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ព្រះករុណាមានព្រះបន្ទូលថា “ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញសភាពការណ៍នៃព្រះរាជាណាចក្រកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជារាស្ត្រទទួលបានសេចក្តីសុខ និងកំពុងបន្តបោះជំហានទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ”។
ព្រះអង្គមានព្រះបន្ទូលបន្ថែមថា៖សមិទ្ធផលនានានៃសង្គមជាតិត្រូវបានកសាងឡើងអាស្រ័យដោយស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន ព្រះសង្ឃ និងប្រជារាស្ត្រទូទាំងប្រទេសបានរួមគ្នាកសាងឡើង ក្រោមកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់ប្រជាជាតិ តាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលពុំមានកម្លាំងអ្វីអាចធ្វើឲ្យរង្គោះរង្គើរបានឡើយ។
នៅក្នុងមីទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលបានប្រារព្ធធ្វើឡើងនៅមុខព្រះបរមរាជវាំង នាថ្ងៃទី៣០ ខែតុលានេះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីភាពក្នុងព្រះរាជសុន្ទកថា ក្នុងអង្គមីទ្ទិញ ដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលអំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានឲ្យរួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។
សូមជម្រាបថា នៅក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទិវាជាប្រវត្តិសាស្ត្រ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំតាមប្រពៃណីទំនៀមទម្លាប់ជាតិ និងប្រពៃណីសាសនា រយៈពេល៣ (បី)ថ្ងៃ គឺថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងទម្រង់ជាមហោឡារិក ជាងរាល់ឆ្នាំ។
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មានការរៀបចំធ្វើពិធីសាសនាទៅតាមព្រះរាជប្បវេណី នៅក្នុងព្រះបរមរាជវាំង។ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មានរៀបចំព្រះរាជពិធីថ្វាយព្រះពរ នៅក្នុងព្រះបរមរាជវាំង។ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានមិទ្ទីញមហាជន នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះមហាក្សត្រ ដោយមានការចូលរួមពីមន្ត្រីរាជការតាមក្រសួងស្ថាប័ននានា កងកម្លាំង យុវជន សរុប ១១,៦០០នាក់ នៅសួនចន្ទឆាយ៉ា ខាងមុខព្រះបរមរាជវាំង៕
អត្ថបទ៖ អក្ខរា