មន្ទីរទេសចរណ៍ខេត្តព្រៃវែង បដិសេធ​ការផ្សាយព័ត៌​មាន​មិនពិត​ពីរមណីយ​ដ្ឋានភ្នំ​ឈើកាច់ របស់​វិទ្យុអាស៊ី​សេរី

មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានបដិសេធការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី តាមរយៈគណនី Facebook ដែលមានឈ្មោះ RFA Khmer ដោយបានផ្សាយថា អាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ ។ ចំពោះការចុះផ្សាយនេះ មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានចាត់ទុកជាព័ត៌មានមិនពិត មូលបង្កាច់ទាំងស្រុង បង្កការញុះញ៉ុង និងជាក់ស្តែងពុំដូចព័ត៌មានដែលបានបង្ហោះនោះឡើយ ។

ក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានបញ្ជាក់ជូនដល់សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើ ប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឲ្យជ្រាបថា រមណីយដ្ឋាននគរភ្នំ (ភ្នំឈើកាច់) គឺជាតំបន់ដែលមានសក្តា នុពលទេសចរណ៍ក្នុងខេត្តព្រៃវែងមួយ និងមានភ្ញៀវទេសចរមកលេងកម្សាន្តជាហូរហែរ និងរាល់ថ្ងៃ ។ ក្នុងរយះ ពេល ៩ខែដើមឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងរមណីយដ្ឋាននគរភ្នំ មានចំនួន ២៥៧.​២៤៩នាក់ បើប្រៀបធៀបនឹង៩ខែដើមឆ្នាំ២០២៣មានចំនួន១៤៧.៦៦៥នាក់ កើនឡើង ៧៤,២១% ។

ដោយឡែកក្នុងខែតុលា នេះ ភ្ញៀវទេសចរកាន់តែកើនឡើងទៀតដោយសារការធ្វើបុណ្យកឋិនទាន និងឆ្លៀតពី បុណ្យទានភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋាននេះ ។ ថ្នាក់ដឹកនាំខេត្តព្រៃវែង រដ្ឋបាលស្រុកបាភ្នំ និងមន្ទីរ ទេសចរណ៍ខេត្តព្រៃវែង បានខិតខំរៀបចំតំបន់ទេសចរណ៍មួយកន្លែងនេះឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ ពិធី សាសនាជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តជារៀងរាល់ឆ្នាំ និងបង្កើតឱកាសការងារ និងបង្កើន ចំណូលជូនប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍ ក្នុងតំបន់ផងដែរ ។

មន្ទីរទេសចរណ៍ខេត្តព្រៃវែង ក៏ថ្លែងអំណរគុណចំពោះសារធារណៈជន អ្នកសារព័ត៌មាន និងបណ្តាញ ទំនាក់ទំនងសង្គម ដែលតែងតែយកចិត្តទុកដាក់លើតំបន់ទេសចរណ៍ក្នុងខេត្តព្រៃវែង និងសូមគោរពអញ្ជើញ ភ្ញៀវទេសចរទាំងអស់អញ្ជើញមកទស្សនាកម្សាន្តលេងនៅរមណីយដ្ឋានគរភ្នំឱ្យបានច្រើន៕

អត្ថបទ៖ ពុទ្ធិកា