ថ្នាក់ដឹកនាំ​​ស្ថាប័នជាតិសំខាន់ៗ អញ្ជើញ​ថ្វាយព្រះពរ ព្រះ​មហា​​ក្ស​ត្រ ក្នុង​ឳកាស​ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរា​ជ​ស​ម្បត្តិ

ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជា​ណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជថ្វាយព្រះពរ ក្នុងព្រះរាជវរោកាសនៃពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង នាព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៤។

ព្រះរាជពិធីថ្វាយព្រះពរនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងព្រះញាតិវង្សានុវង្ស។

ព្រះរាជពិធីថ្វាយព្រះពរនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញឡើង​អានសារថ្វាយព្រះពរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

គួរបញ្ជាក់ថា ឆ្នាំ២០២៤ នេះ ជាខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសមាសភាព៩អង្គ/នាក់ ជ្រើសតាំងជាព្រះមហាក្សត្រ បន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព។

ព្រះរាជពិធីរាជាភិសេកព្រះអង្គ ជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង យ៉ាងអធិកអធម និងមហោឡារឹកជាទីបំផុត តាមព្រះរាជបវេណី រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០​៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ៕

អត្ថបទ៖ ពុទ្ធិកា