អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសេចក្តីថ្លែងការណ៍៦ចំណុច បញ្ជាក់សារជាថ្មី ស្តីពី «ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាប ដូចខាងក្រោម៖
១- រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
២- ទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក នៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
៣- អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួនចេញពីកិច្ចសហ-ប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
៤- អ្នកនាំពាក្យរាជរដ្ឋាភិបាលយល់ឃើញថា ការបន្តយកបញ្ហានេះមកធ្វើអាជីវកម្ម គឺសរបញ្ជាក់ពីកង្វះខាតចំណេះដឹង ខ្វះការស្រាវជ្រាវ និងខ្វះការយល់ដឹងខាងផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ហើយសកម្មភាពបែបនេះមិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពបំផ្លិចបំផ្លាញ និងពង្វក់ស្មារតីយុវជនមួយចំនួនឱ្យវង្វេងតាមមនោគមវិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកខ្វក់ និងដ៏គ្រោះថ្នាក់របស់ខ្លួនតែប៉ុណ្ណោះ។
៥- អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងមានឆន្ទៈមោះមុតក្នុងការអភិវឌ្ឍប្រទេសបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដោយធានាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់តាមការគ្រោងទុក ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមមកបំផ្លិចបំផ្លាញ ឬរារាំងដំណើរការកសាងជាតិបានជាដាច់ខាត។
៦- រាជរដ្ឋាភិបាលប្តេជ្ញាបន្តការអភិវឌ្ឍតំបន់ព្រំដែនភូមិភាគឦសាន ក៏ដូចជាតំបន់ព្រំដែនទូទាំងប្រទេស ឱ្យកាន់តែរីកចម្រើន ដោយរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមិលី្លម៉ែត្រឡើយ និងបន្តរក្សាស្ថានភាពព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវដល់សាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមក្រុមប្រឆាំងជ្រុលនិយមទាំងឡាយ បញ្ឈប់ការយកបញ្ហា CLV-DTA មកធ្វើអាជីវកម្មនយោបាយបែបញុះញង់ និងបំផ្លិចបំផ្លាញបែបនេះតទៅទៀត៕