អ្នកឧកញ៉ា គិត ម៉េង លើកទឹក​ចិត្តឲ្យ​វិនិយោ​គិន​ចិនហុងកុង មកបណ្តាក់​ទុនវិនិយោគនៅកម្ពុជា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំរុញលើកទឹកចិត្តដល់វិនិយោគិនចិនហុងកុង ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយ​ប្រើ​ប្រាស់​នូវក្រប​ខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ,កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ជាដើម។

ការជំរុញលើកទឹកចិត្តនេះ បានធ្វើឡើងនៅជំនួបពិភាក្សាការងាររវាងអ្នកឧកញ៉ា និងគណៈ​ប្រតិភូ​ធុរកិច្ចហុងកុងដឹកនាំដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ប្រធានគណៈកម្មាធិការអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃសភាពាណិជ្ជកម្ម​ហុងកុង ក្នុងអំឡុងពេលបំពេញ​បេសកកម្មធុរកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។

ក្រៅពីលើកទឹកចិត្តឲ្យ​មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងជំនួបដែរនេះ អ្នកឧកញ៉ា គិត ម៉េង ក៏ស្វាគមន៍ចំពោះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចហុងកុងនាពេលនេះ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់​សភាពាណិជ្ជកម្មទាំងពីរក្នុង​ការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងហុងកុងនិងកម្ពុជា។

អ្នកឧកញ៉ា ក៏បានលើកឡើងពីគោលនយោបាយលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន និង ទីផ្សារដ៏ទូលំទូលាយរបស់កម្ពុជា ជូនគណៈ​ប្រតិភូ​ធុរកិច្ចហុងកុងផងដែរ។

គួរបញ្ជាក់ថា គណៈ​ប្រតិភូ​ធុរកិច្ចហុងកុងដឹកនាំដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ប្រធានគណៈកម្មាធិការអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃសភាពាណិជ្ជកម្ម​ហុងកុង គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រឹងរួមគ្នារបស់សភាពាណិជ្ជកម្មទាំងពីរ ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងហុងកុង។ គណៈប្រតិភូហុងកុង ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមានមកពីវិស័យ ពាណិជ្ជកម្ម សុខាភិបាល ថាមពល សេវាកម្មផ្នែកច្បាប់ អចលនទ្រព្យ និងទេសចរណ៍៕

អត្ថបទ៖ ពុទ្ធិកា