ព្រះបរមនាថ នរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជ្យសម្បត្តិបោះឆ្នោតជាឯកច្ឆ័ន្ធ ជ្រើសរើសជាព្រះមហាក្សត្រខ្មែរ ជំនួសព្រះបិតា សម្តេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៤ ខណៈទិវារំឮកខួបត្រូវបានកំណត់ធ្វើនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។
ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី»។ មានសេចក្តីថា «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ។ អ្នករួបរួម ខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។
នៅក្នុងព្រះរាជពិធីយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិនោះ អង្គព្រះមហាក្សត្រខ្មែរ បានតាំងព្រះទ័យសច្ចាថា «ខ្ញុំតាំងសច្ចាថា នឹងប្រព្រឹត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ»។ ព្រះអង្គបានតាំងសច្ចាបែបនេះចំនួន៣ដង។
គិតមកដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ រយៈពេល២០ឆ្នាំនេះ ព្រះអង្គបានដើរព្រះរាជតួនាទីយ៉ាងសំខាន់ សម្រាប់របបរាជាធិបតេយ្យ ជាពិសេសការលើកកម្ពស់សន្តិភាព ស្ថិរភាព និងឯកភាពជាតិ ។
ព្រះមហាក្សត្រ បានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស និងបាននាំមកនូវសុខសុភមង្គលសម្រាប់ជាតិ និងប្រជារាស្ត្រខ្មែរ។
ព្រះអង្គបានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត ក៏ដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ អាស្រ័យហេតុនេះហើយ ទើបព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគថវិកាផ្ទាល់របស់ព្រះអង្គជួយសាសង់អាគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រទានថវិកាជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ដោយផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ មកដល់ពេលនេះ ព្រះករុណាដែលមានព្រះជន្ម ៧១ឆ្នាំ គឺបានឡើងគ្រងរាជសម្បត្តិនៅកម្ពុជាគ្រប់២០ឆ្នាំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ទ្រង់ជាព្រះរាជបុត្រាច្បង របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ។ ព្រះអង្គមាន ព្រះអនុជបង្កើតតែមួយអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស ដែលបានយាងសោយទិវង្គតនៅឆ្នាំ២០០៣ (១៩៥៤-២០០៣)៕
អត្ថបទ៖ អក្ខរា