ប៉ុន្មានម៉ោងក្រោយអញ្ជើញទទួលការបំពាក់ឋានន្តរស័ក្តិ «នាយឧត្តមសេនីយ៍» ជាផ្លូវការក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នារសៀលថ្ងៃទី២០ ខែមេសានេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើការថ្លែងអំណរគុណដោយស្មោះចំពោះលោកតាលោកយាយ លោកអ៊ុំពូមីងបងប្អូន និងក្មួយៗទាំងអស់ដែលបានផ្ញើរសារអបអរសាទរចំពោះ ឯកឧត្តមក្នុងឱកាសនៃការបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ នាថ្ងៃនេះ។
ការបង្ហោះសារអមដោយជាមួយរូបភាពចំនួន២សន្លឹកជាមួយកូនប្រុសកណ្តាល ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានវាយបកទៅកាន់អស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិសម្រាប់រូបលោក គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ឬឆ្លើយតបជាមួយអស់លោកទេព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍»។
ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួបនិងធ្វើការងារជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីត្រៀមការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតបនឹងការឆ្ងល់ ឬទើសរបស់អស់លោក៕