អាជ្ញាធររាជធានីភ្នំពេញ អះអាងថា មិនដែលហាមឃាត់​សក​ម្មភា​ពស្រប​ច្បាប់​ ​រ​បស់​​អង្គ​ការសង្គម​ស៊ីវិល​​ឡើយ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានអះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលហាមឃាត់ ឬផ្ដល់ការរំខានណាមួយដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិលឡើយ ពោលឲ្យតែសមាគម ឬអង្គការនោះ ធ្វើសកម្មភាពតាមទិសដៅរបស់ខ្លួនដោយស្របច្បាប់។

វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងក្រោមប្រធានបទ «ស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលមានការចូលរួមពី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុម​ប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល។

ឯកឧត្តម កើត ឆែ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺជាដៃគូរដ៏មានសារៈសំខាន់ ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គម បច្ចេកទេស សុខភាព នៅតាមមូលដ្ឋានជនបទ សហគមន៍ក្រីក្រ តំបន់មិនរៀបរយ និងបំពេញបន្ថែមនូវភាពមិនពេញលេញ នៃការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានថ្លែងថា រាជរដ្ឋាភិបាលបានផ្តល់សារសំខាន់ និងផ្តល់ឱកាសដល់សមាគម អង្គការក្រៅរដ្ឋាភិបាល ក្នុងភាពជាដៃគូ និងមានភាពស្មោះត្រង់ បំពេញ​ចំ​ណុ​ច​ខ្វះខាតឲ្យគ្នាទៅវិញទៅមក ជជែកគ្នារកហេតុផល មិនមែនតឹងសសៃកដាក់គ្នាទេ។ ជាមួយគ្នានេះ លោកបានក្រើនរំលឹក សមាគម អង្គការមិនមែនរដ្ឋាភិបាល ត្រូវស្វែងយល់ពីអត្ថន័យ និងខ្លឹមសារនៃនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឲ្យបានច្បាស់លាស់ទើបធ្វើសកម្មភាពចំគោលដៅ។

ឯកឧត្តមបន្តថា «យើងខ្មែរតែ១ មិនត្រូវស្តាប់អ្នកមិនមែនខ្មែរ និងត្រូវរក្សាឲ្យបានសន្តិភាព គ្មានសន្តិភាព គ្មានអ្វីៗទាំងអស់»។ ឯកឧត្តមបានលើកជាឧទាហរណ៍ ប្រទេសកំពុងមាន​សង្គ្រាមនៅមជ្ឈឹមបូព៌ានៅអ៊ុយក្រែនជាដើម តើអង្គការសង្គមស៊ីវិល ឬសកម្មភាពសង្គមទាំងឡាយ អាចធ្វើសកម្មភាពបានទេ? ពោលត្រូវយល់តម្លៃនៃសន្តិភាព៕