ដំណឹងល្អ! រដ្ឋផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់​សហគ្រាស​ក្នុង​វិស័យទេស​ច​រណ៍​​​នៅខេត្តសៀមរាប

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីបន្តជួយស្តារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ។

ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៤ ខែតុលា ​ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារនោះ មានដូចជា៖

១. លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។

១. លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលសហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាត ជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើ ប្រាក់ចំណូលប្រចាំឆ្នាំ២០២៥។

៣. មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤។

ក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធដារនេះ សហគ្រាសនៅតែមានកាតព្វកិច្ច ១). អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំត្រូវដាក់លិខិតប្រកាសពន្ធអាករ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្ម អនឡាញ(e-Filling) ជារៀងរាល់ខែ និងត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដោយប្រើ​ប្រាស់ ប្រព័ន្ធ​គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol e-Filing) ស្រប តាមច្បាប់និងលិខិត​បទដ្ឋានគតិយុត្តស្តីពីពន្ធដារ។ ដោយឡែក អ្នកជាប់ពន្ធតូចត្រូវដាក់លិខិតប្រកាសពន្ធ ទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ឬអាចដាក់លិខិតប្រកាសពន្ធ តាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App) និង២). អ្នកជាប់ ពន្ធត្រូវកាន់កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យ និងព័ត៌មានដែលទាក់ទិននឹងសកម្មភាពអាជីវកម្ម ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ៕

អត្ថបទ៖ ពុទ្ធិកា