ចំណុចពិសេស​ទាំងនេះធ្វើឱ្យ MV ចម្រៀង«កឋិនសាមគ្គីមហា​គ្រួសារខ្មែរ » មានអ្នកចូលទស្សនា​ជាង២លានដង ត្រឹម​តែមួយថ្ងៃ …!

ពិតជាមិនធម្មជាទេ MV ចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ » ដែលដឹកនាំថតផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺមានអ្នកចូលរួមទស្សនារហូតដល់ទៅជាង ២ លានដង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ចំនួនអ្នកចូលទស្សនា​យ៉ាង​ច្រើនគំហុក ត្រូវបានគេកត់សម្គាល់ឃើញថា ដោយសារក្នុង MV ចម្រៀងនេះ មានចំនុចពិសេសជាច្រើន ។

ការផលិតMV ចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ » នេះឡើង គឺជាការផលិត​ចម្រៀង​ប្រវត្តិសាស្រ្តថ្មីមួយទៀត ដែល​ផលិតកម្មខ្នាតយក្ស Galaxy Navatra ផលិតឡើង សម្រាប់ជាតិ បន្ទាប់ពីបទចម្រៀង « ស្រឡាញ់អ្វីដែលខ្មែរមាន » និងបទ « ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ » ។

ដោយបទចម្រៀងទាំងនោះ គឺសុទ្ធតែត្រូវបានច្រៀងជុំគ្នា ពីសំណាក់កំពូលតារាចម្រៀងល្បីឈ្មោះទាំង ៥ រូប ដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខេមរៈសិរិមន្ត , ខេម , ខាន់ ជេមស៌ និង កញ្ញា តន់ ច័ន្ទសីម៉ា ។

អ្វីដែលជាចំនុចពិសេស ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតនោះ គឺ MV ចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ » មានការចូលរួមសម្តែងពីសំណាក់តារាសម្តែង និងអ្នកកំប្លែងល្បីៗនៅក្នុងប្រទេស រួមមាន នាយកុយ , នាយក្រឹម , លោក ហម ឈរ៉ា, អ្នកស្រី ចាន់ តារាទី , អ្នកនាង ស្វែង សុជាតា អមដោយតារាថ្មីចាស់ជាច្រើនរូបទៀត។ លើសពីនេះទៅទៀត កំពូល​តារាចម្រៀង​ទាំង ៥ រូប បានគ្រងនូវឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ទាក់ទាញស្របទៅនឹងពិធីបុណ្យកឋិនទាន។ រីឯទឹកដមសម្លេង និង ការតុបតែងខ្លួនរបស់កំពូលតារា​ចម្រៀងទាំង ៥ រូបពិតជាត្រូវចិត្តអ្នកគាំទ្រខ្លាំង សូម្បីតែការផលិត និងបច្ចេកទេសកាត់ត គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មើលខុសត្រូវដោយផ្ទាល់ ។ 

ដោយសារចំណុចពិសេសៗទាំងអស់នេះហើយ បានធ្វើឱ្យ MV ចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ » ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាក់ស្តែងត្រឹមតែរយៈពេល១ថ្ងៃ មានចំនួនអ្នកចូលទស្សនារហូតដល់ទៅជាង ២ លានដង ហើយត្រូវបានរំពឹងថា នឹងមានចំនួនកើនឡើងជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា បទចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ » គ្រប់គ្រងការផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ និងផ្តួចផ្តើមការផលិតដោយឯកឧត្តម ហ៊ឹម សុភា និងឯកឧត្តម ហ៊ី វីរៈ ។

ផលិតកម្ម Galaxy Navatra ផលិតបទចម្រៀង« កឋិនសាមគ្គីមហាគ្រួសារខ្មែរ » នោះឡើង ដើម្បីគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចគ្រោងនឹងដង្ហែអង្គកឋិនទាន ជាប្រវត្តិសាស្រ្តទៅវត្តខ្មែក្រោម នាដើមខែវិច្ឆិកា ខាងមុខ ។

មហាជនរំពឹងថា តាមរយៈ MV ចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ » ដែលផលិតឡើងដោយផលិតកម្ម Galaxy Navatra ច្រៀងរួមគ្នាដោយកំពូលតារាចម្រៀងទាំង ៥ រូប នេះ នឹងជម្រុញឱ្យអង្គកឋិនទាន ជាប្រវត្តិសាស្រ្តទទួលបានការគាំទ្រច្រើនពីមហាជន ៕

សូមទស្សនា MV ចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ »