សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា ការកសាងប្រទេស គឺផ្តើមចេញពីការកសាងធនធានមនុស្ស ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ បានកំណត់យកកត្តាមនុស្សអាទិភាពទី១។ ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា ដែលបានធ្វើឡើងនៅក្នុងវិទ្យាល័យហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ជាក់ស្តែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាលបានបន្តផ្តោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស និងបានបន្ថែមមុំថ្មីមួយគឺ ”បច្ចេកវិទ្យា” ដើម្បីឱ្យស្របទៅនឹងការវិវត្ត ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍធនធានមនុស្សនេះហើយ ដែលធ្វើឱ្យកម្ពុជាមានភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ ជាក់ស្តែងមកដល់ពេលនេះ កូនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងសមិទ្ធផលនានាជាច្រើនទូទាំងប្រទេស។ អ្វីៗទាំងនេះ គឺផ្តើមចេញពីទស្សនៈ ”បង្កើត ពង្រីក និងពង្រឹង” ឱកាសអប់រំ ដែលសំដៅធ្វើយ៉ាងណា បង្កើតបរិស្ថានដែលអាចធានាបាននូវការបង្កើតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមទាំងការបង្កើតសាលារៀន និងបង្កើនលទ្ធភាពឱ្យកូនចៅប្រជាពលរដ្ឋមានលទ្ធភាពចូលរៀន។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានអះអាងថា រាជរដ្ឋាភិបាល បានខិតខំកសាង និងកែលំអហេដ្ឋារចនាសម្ព័ន្ធអប់រំ ឱ្យកាន់តែល្អប្រសើរ ដោយមានការពង្រីកសាលាបន្ថែមកាន់តែច្រើនទៅដល់មូលដ្ឋាន និងពង្រឹងគុណភាពអប់រំ តាមរយៈការដាក់ចេញកម្មវិធីសិក្សា និងការបំពាក់បរិក្ខារសិក្សាកាន់តែទំនើប៕
អត្ថបទ៖ ពុទ្ធិកា