សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំទៅតាមទីជនបទ គឺជាគោលនយោបាយផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំកាន់តែខ្ពស់។ សម្តេចមហាបវរធិបតី ក៏បានប្រកាសបង្ហាញគម្រោងដំឡើងកម្រិតការអប់រំឱ្យកាន់តែខ្ពស់នៅតាមទីជនបទ ដើម្បីឱ្យកូនចៅប្រជាពលមិនលំបាកធ្វើដំណើរឆ្ងាយ។ សម្តេចបវរធិបតី បានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។
គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា “China-Aid Project of Improving School Environment and Educational Facilities in Cambodia (CPISEEF)” ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងនេះបានជួយទៅវិទ្យាល័យចំនួន២៦ ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ដោយបានសាងសង់អគារសិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក៕