សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតចូលរួមមរណទុក្ខ ជូន លោកជំទាវ ខៀវ ស៊ីណា ភិរិយាឯកឧត្តម ជា ចាន់តូ ព្រមទាំងក្រុមគ្រួសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការអាឡោះអាល័យក្រៃលែង ពុំអាច រកអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ដែលជាការបាត់បង់ឧត្តមស្វាមី ឪពុក ជីតា ជីតាទូត ជាទីគោរពស្រឡាញ់បំផុត មានព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃ បានតស៊ូ ប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ផ្តល់នូវឱវាទល្អៗដល់កូន ចៅ ចៅទួត ឱ្យរស់នៅប្រកបដោយគន្លងធម៌ និងមាន អនាគតរុងរឿង។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុក មរណភាពរបស់ ឯកឧត្តម ជា ចាន់តូ គឺជាការបាត់បង់នូវធនធានមនុស្សដ៏កម្រមួយរូបក្នុងវិស័យ ធនាគារ រ និងហិរញ្ញវត្ថុរបស់កម្ពុជា ដែលបានដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ទាំងផ្នែកពុទ្ធចក្រ អាណាចក្រ និងជាសប្បុរសជនដ៏សំខាន់មួយរូបក្នុង វិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ ពុទ្ធិកា