សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងជំនាញសហការជាមួយភាគីចិន ​បើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហឺណាន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់។

ការណែនាំរបស់សម្តេចបវរធិបតី បែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន បានឯកភាពរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន១លាននាក់ក្នុងមួយឆ្នាំ និងការជំរុញបង្កើនជើងហោះហើររវាងកម្ពុជានិងចឹងចូវឱ្យបានច្រើនជាងមុន៕

អត្ថបទ៖ ពុទ្ធិកា