កម្ពុជា-ថៃ ប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួនជ្រៀតជ្រែក ឬប្រឆាំងនឹងប្រទេសមួយទៀតឡើយ

កម្ពុជា និងថៃ តាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ បានឯកភាព គ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារជាតិ សំដៅថែរក្សា ឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។

ភាគីទាំងពីរបានប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យ នរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ភាគីម្ខាង ទៀត ឬធ្វើសកម្មភាពណាមួយដែលបង្កអសន្តិសុខ ឬប្រឆាំងនឹងប្រទេសមួយទៀតឡើយ។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ (២២-២៤ ខែតុលា ឆ្នាំ២០២៤) នៅរាជធានីភ្នំពេញ រវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អនុធីន ឆានវីរៈកូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំក៏បានពិភាក្សាអំពីការងារកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតរវាងខេត្ត ជាប់ព្រំដែននៃប្រទេសទាំងពីរផងដែរ។​កិច្ចប្រជុំបានលើកទឹកចិត្តដល់អភិបាលខេត្ត ក្រុង ស្រុកជាប់ព្រំដែន ជួបប្រជុំគ្នាជាប្រចាំដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះម្តងម្នាក់ ក្នុងពេលវេលាសមស្របមួយ ដែលបាន ព្រមព្រៀងគ្នាដោយអភិបាលខេត្ត ក្រុង ស្រុកជាប់ព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៩ នឹងប្រារព្ធធ្វើនៅព្រះរាជាណាចក្រថៃនាពេលវេលាសមស្របតាមការព្រមព្រៀងគ្នា។ កាលបរិច្ឆេទ និង ទីកន្លែងនៃកិច្ចប្រជុំនឹងធ្វើការប្រាស្រ័យទាក់ទងគ្នាតាមរយៈការទូត៕

អត្ថបទ៖ អក្ខរា