អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសកល (USAID) មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២២-២៣ ខែតុលា។ នេះបើតាម USAID Cambodia ។
អ្នកស្រីគឺជានាយិកាគ្រប់គ្រង USAID ដំបូងគេដែលមកកាន់ប្រទេសកម្ពុជា។ អ្នកស្រី នឹងជួបប្រជុំជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល ព្រមទាំងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគាំទ្រចំពោះប្រជាជនកម្ពុជា។
អ្នកស្រី Power នឹងទៅបំពេញទស្សនកិច្ចនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួបជាមួយសហគមន៍កម្ពុជា មន្ត្រីនានា និងដៃគូពាក់ព័ន្ធក្នុងស្រុក ព្រមទាំងពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងការរីកចម្រើននៃវិស័យសេដ្ឋកិច្ច សុខភាព អភិបាលកិច្ច សិទ្ធិមនុស្ស ការគាំទ្រចំពោះអ្នកដែលមានពិការភាព ការងារ និងបរិស្ថាន។
បើតាម USAID Cambodia ដំណើរទស្សនកិច្ចនេះ បង្ហាញពីការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេក្នុងការបង្កើតសង្គមដែលមានភាពរុងរឿង និងប្រកបដោយបរិយាបន្ន៕