លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍អាយប៉ា គឺសភាន័រវែស នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំមានការចូលរួមដោយគណៈប្រតិភូមកពីសភាព្រុយណេដារូស្សាឡាម កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ និងវៀតណាម និងបានប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន”។
លោកជំទាវ ឡោក ខេង បានលើកសំណើមួយចំនួនទៅកាន់ភាគីន័រវែសដូចជា៖ ទី១-សូមមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យសន្តិសុខ សុខភាពសាធារណៈ ការដឹកជញ្ជូនបៃតង ការអភិវឌ្ឍសេដ្ឋកិច្ច និងបម្រែបម្រួលអាកាសធាតុ។ ទី២-ស្វែងរកកិច្ចសហការលើសន្តិភាព ថាមពលកកើតឡើងវិញ ឌីជីថលូបនីយកម្ម និងការការពារបរិស្ថាន ក្នុងចំណោមវិស័យផ្សេងៗទៀត។ ទី៣-យោងសេចក្តីសម្រេចអាស៊ានស្តីពីការងារបៃតង ដើម្បីលើកកម្ពស់ការងារប្រកបដោយចីរភាព ដែលគោរពសិទ្ធិមនុស្ស។ ទី៤-ចែករំលែកឧត្តមានុវត្តន៍ ផ្តល់ជំនួយបច្ចេកទេស និងគាំទ្រដល់ការអប់រំអំពីសមភាពយេនឌ័រ សម្រាប់កំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន។ ទី៥-ពង្រឹងកិច្ចសហប្រតិបត្តិការសភាគ្រប់កម្រិត ចាប់ពីថ្នាក់ដឹកនាំគណៈកម្មការជំនាញ និងក្រុមមិត្តភាពសភា រហូតដល់កម្រិតជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសការផ្ទេរបច្ចេកទេស ដើម្បីគាំទ្រសភាអេឡិចត្រូនិក។
បន្ទាប់មកទៀត លោកជំទាវ ឡោក ខេង ចូលរួមជំនួបសន្ទនារវាងអាយប៉ាជាមួយសភាប្រទេសជប៉ុន។ ក្នុងជំនួបនេះ លោកជំទាវបានស្នើពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងជប៉ុន និងអាយប៉ា ៣ចំនុចមាន៖ ១.ពង្រីកកម្មវិធីពង្រឹងសមត្ថភាព ដើម្បីដោះស្រាយបន្ថែមលើការងារសភា។ វានឹងធ្វើឱ្យសភារបស់យើងដំណើរការកាន់តែមានប្រសិទ្ធភាព និងត្រូវបានបំពាក់ឱ្យកាន់តែប្រសើរឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងកំណើនរួមបញ្ចូល។ ២.ជំរុញការផ្ទេរបច្ចេកវិទ្យាទំនើប និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិតពីប្រទេសជប៉ុនទៅកាន់អាស៊ាន ដើម្បីបង្កើនគុណភាព និងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ ហេីយបន្តគាំទ្រការអភិវឌ្ឍន៍អនុតំបន់មេគង្គ ក្នុងការរៀបចំក្រមច្បាប់ និងនីតិវិធី ដើម្បីជំរុញការវិនិយោគរបស់វិស័យឯកជននៅក្នុងតំបន់។ និង៣.ពង្រឹងកិច្ចសហប្រតិបត្តិការសភាគ្រប់កម្រិត ចាប់ពីថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងក្រុមមិត្តភាពសភារហូតដល់កម្រិតវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសការផ្ទេរបច្ចេកទេស ដើម្បីគាំទ្រដល់សភាអេឡិចត្រូនិក៕