សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពបញ្ចូលកម្មវិធីហាត់ក្បាច់គុនខ្មែរបុរាណ គ្រប់ទម្រង់នៅតាមសាលារៀន និងសាកលវិទ្យាល័យជាដើម ដើម្បីផ្សព្វផ្សាយ លើកកម្ពស់អភិរក្ស “មរតកយុទ្ធគុនដូនតាខ្មែរ”។
ការណែនាំនេះបានធ្វើឡើងនៅក្នុងពិធីបិទប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការណែនាំនេះ មិនមែនជាការហាមមិនឲ្យហាត់ក្បាច់គុនបរទេសនោះទេ ប៉ុន្តែជាជំរុញឲ្យមានការហាត់ក្បាច់គុនខ្មែរ ឲ្យបានច្រើននៅទូទាំងប្រទេស។ ក្នុងនោះអង្គភាពទ័ពទាំងអស់ គឺបានដាក់បទបញ្ជារួចហើយឲ្យមានការជំរុញការហាត់ក្បាច់គុនខ្មែរ នៅតាមអង្គភាពនីមួយៗ។
ជាមួយគ្នានេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងសម័យសាកលភាវូនីយកម្ម ងាយណាស់នឹងទទួលរងនូវវប្បធម៌ និងឥទ្ធិពលពីបរទេស ប៉ុន្តែកម្ពុជាក៏មានវប្បធម៌ អរិយធម៌របស់ខ្លួនដែរ ដូចនេះកម្ពុជាមិនហាមក្នុងការកែច្នៃនោះទេ គឺកម្ពុជាត្រូវឆក់យកឱកាសនេះដើម្បីចងក្រង និងផ្សព្វផ្សាយអត្តសញ្ញាណជាតិឱ្យបានទូលំទូលាយបន្ថែមទៀត។
គួរបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ ធ្វើឡើង គឺក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។ ការប្រកួតបានធ្វើឡើងរយៈពេល០៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៨, ១៩ និង២០ ខែតុលា នៅក្នុងវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ។ ក្នុងនោះ មានកីឡាករ កីឡាការិនី និងគ្រូបង្វឹក សរុបចំនួនជិត៥០០នាក់ ដោយប្រកួតលើវិញ្ញាសាសម្តែង និងប្រយុទ្ធ។
ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណនេះ គឺជាព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់ និងមានគុណតម្លៃបំផុត ក្នុងការរួមចំណែក គាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាម របស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់បានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតបានអាណាចក្រខ្មែរដ៏រឹងមាំនាសម័យបុរាណ៕
អត្ថបទ៖ ពុទ្ធិកា