សម្តេចតេជោ ហ៊ុន សែន ទន្ទឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី ដើម្បីប្រយោ​ជន៍ប្រជាជន​ទាំងពីរ​ប្រទេស

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី ជាពិសេសក្រុមប្រឹក្សា តំណាងប្រចាំតំបន់ (ព្រឹទ្ធសភា) នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសភា ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ។

សារលិខិតអបអរសាទរ និងជូនពរឯកឧត្តម Prabowo Sibianto នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ គឺសម្តេចមានសេចក្តីសោមនស្ស រីករាយចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តម នាឱកាសនៃពិធីចូលកាន់តំណែងរបស់ ឯកឧត្តម ជាប្រធានា​ធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ឯកឧត្តម Prabowo Sibianto នឹងបំពេញតួនាទីថ្មីនេះប្រកបដោយស័ក្តិសិទ្ធភាព ដោយសារសមត្ថភាពដឹកនាំ, បទពិសោធ ក្នុងវិស័យសាធារណៈដ៏ទូលំទូលាយ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងការធ្វើឱ្យប្រទេសជាតិ និង ប្រជាជនកាន់តែប្រសើរឡើង បន្ថែមពីលើការគាំទ្រពីប្រជាជន។

សម្តេចតេជោ ក៏ជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧។

គួរបញ្ជាក់ថា ឯកឧត្តម Prabowo Sibianto ដែលមានវ័យ៧៣ឆ្នាំ បានសច្ចាប្រណិធាន ចូលកាន់តំណែងជាប្រធា​នាធិបតីទី៨ នៅវិមានសភាឥណ្ឌូណេស៊ី បន្ទាប់ពីឯកឧត្តមបានទទួល​ជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ទន្ទឹមគ្នាឯកឧត្តម Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសច្បងរបស់ប្រធានាធិបតី ផុតអាណត្តិ ឯកឧត្តម Joko Widodo ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីផងដែរ៕

អត្ថបទ៖ ពុទ្ធិកា