សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុង​ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំពេញអង្គនៃសភាប្រឹក្សាប្រជាជន និងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា ។

គួរម្លឹកថា ឯកឧត្តម Prabowo ដែលមានវ័យ៧៣ឆ្នាំ បានសច្ចាប្រណិធាន ចូលកាន់តំណែងជាប្រធា​នាធិបតីទី៨ នៅវិមានសភាឥណ្ឌូណេស៊ី បន្ទាប់ពីឯកឧត្តមបានទទួល​ជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ទន្ទឹមគ្នាឯកឧត្តម Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសច្បងរបស់ប្រធានាធិបតី ផុតអាណត្តិ ឯកឧត្តម Joko Widodo ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីផងដែរ។

នៅក្នុង​​ឳកាសចូលរួមពិធីស្បថចូលកាន់តំណែងនៅឥណ្ឌូណេស៊ី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារ ឯកឧត្តមបណ្ឌិត Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) កាលពីល្ងាចថ្ងៃទី១៩ តុលា។

ដោយឡែក នៅព្រឹកថ្ងៃទី២០ តុលា សម្តេច ក៏បាន ជួបសំណេះសំណាលក្រៅផ្លូវការជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី  និងឯកឧត្តម ចូកូ វីដូដូ (Joko Widodo) អតីតប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងកិច្ចប្រជុំពេញអង្គនៃសភាប្រឹក្សាប្រជាជន និងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ផងដែរ។

គួរបញ្ជាក់ថា ដំណើរអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់ តំណែ​ង​​ប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ីនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា ធ្វើមាតុភូមិនិវត្តន៍​មកដល់​កម្ពុជា​វិញ កាលពីរសៀលថ្ងៃទី២០ ខែតុលា ៕

អត្ថបទ៖ ពុទ្ធិកា