កម្ពុជា បានរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ“ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ ដោយបានប្រារព្ធពិធីបើកជាផ្លូវការ នៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ កីឡាករ កីឡាការិនី និងគ្រូបង្វឹក សរុបចំនួនជិត៥០០នាក់ បានចុះឈ្មោះចូលរួម និងប្រកួតគ្នាលើវិញ្ញាសាសម្តែង និងប្រយុទ្ធ។
ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មការ ចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ បានគូសបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណនេះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលរៀបឡើងក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ទៀតថា ការរៀបចំឱ្យមាននូវព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណជាប្រវត្តិសាស្ត្រនេះឡើង គឺក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ។ ព្រឹត្តិការណ៍កីឡានេះ គឺជាព្រឹត្តិការណ៍កីឡាវប្បធម៌-ទេសចរណ៍ដ៏មានសារៈសំខាន់ និងមានគុណតម្លៃបំផុត ក្នុងការរួមចំណែក គាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាម របស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់បានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតបានអាណាចក្រខ្មែរដ៏រឹងមាំនាសម័យបុរាណ។
ឯកឧត្តម ក៏បានអំពាវនាវឲ្យកីឡាករ កីឡាការិនី មន្ត្រីអាជ្ញាកណ្តាល និងចៅក្រមទាំងអស់ ត្រូវគោរពឲ្យបានពេញលេញនូវលក្ខណៈបច្ចេកទេសនៃការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ស្របតាមគោលការណ៍ Fair-Play “ឈ្នះដោយយុត្តិធម៌ ចាញ់ដោយកិត្តិយស” ដោយឈរលើគុណតម្លៃអូឡាំពិកគឺ ឧត្តមភាព ការគោរព និងមិត្តភាព ក្នុងស្មារតីជំរុញ បំផុសចលនាកីឡាជាតិ និងសាមគ្គីភាពក្នុងមហាគ្រួសារយុទ្ធគុនខ្មែរបុរាណ ។
គួរបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ នឹងធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ដែលមានរយៈពេល០៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៨, ១៩ និង២០ ខែតុលា ៕
អត្ថបទ៖ ពុទ្ធិកា