ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ស្នើសុំអនុសាសន៍របស់សម្តេចតេជោ ដើម្បីជាមគ្គុទេសរៀបចំផែនការបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេង និងអ្នកបន្តវេន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ីន ឡៈវង់ ឃុនផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

ក្នុងជំនួបឯកឧត្តមប្រធាន បានអបអរសាទរប្រទេសកម្ពុជា ចំពោះការអភិវឌ្ឍយ៉ាងលឿនរហ័ស ជាពិសេស ការអភិវឌ្ឍទីក្រុង ដែលមានបែបផែន និងការគ្រប់គ្រងយ៉ាងត្រឹមត្រូវទាំងរាជធានីភ្នំពេញ និងបណ្តាក្រុងធំៗផ្សេងទៀត ​ហើយ​ឯកឧត្តម និងគណៈប្រតិភូ នឹងបន្តទៅធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ នាពេលបន្ទាប់ទៀត។

ឯកឧត្តមចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ ​នៅក្នុងអាស៊ាន និងលើសកលលោក។ ឯកឧត្តម ពិតជាសប្បាយរីករាយ ដែលទទួលបានការរៀនសូត្រពីសម្ដេច។ ឯកឧត្តមប្រធាន បានស្នើសុំអនុសាសន៍ ក៏ដូចជាសូមស្តាប់នូវបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជា រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ដោយឯកឧត្តមបានចាត់ទុកសម្តេចតេជោ និងឯកឧត្តម វង្ស វិហាន ជាមេដឹកនាំដែលមានភាពល្បីល្បាញចំពោះទស្សនៈវែងឆ្ងាយ ស៊ីជម្រៅ និងការដាក់ចេញយុទ្ធសាស្រ្ត និងយុទ្ធវិធីដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងទទួលបានជោគជ័យ។ ឯកឧត្តម បានបន្តទៀតថា ឯកឧត្តមនឹងកត់ចំណាំរាល់អនុសាសន៍របស់សម្តេចតេជោ ដើម្បីជាមគ្គុទេសបង្ហាញផ្លូវក្នុងការដឹកនាំរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ជាពិសេស ក្នុងការរៀបចំផែនការទៅថ្ងៃអនាគត ការបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេង និងអ្នកបន្តវេន។

សម្តេចតេជោ បានសម្ដែងការរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៨ឆ្នាំមកហើយ និងប្ដេជ្ញាបន្តពូនជ្រុំបន្តទំនាក់ទំនងមិត្តភាពល្អ រឹងមាំ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសយើងទាំងពីរនេះ។ កម្ពុជា-ឡាវនឹងប្រារព្ធខួបទី ៧០ឆ្នាំនៃទំនាក់ទំនងនេះ នៅ​២ឆ្នាំទៀត ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងជាងពាក់កណ្ដាលនៃទំនាក់ទំនងនេះ ពោលគឺចាប់ពីឆ្នាំ ១៩៧៩មក ។ សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ពីប្រវត្តិនៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានបង្កើតឡើង ក្រោយដែលសម្ដេចបានបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨។ ការបង្កើតរណសិរ្សក្រោយនោះ គឺបានយកឈ្មោះតាមកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយត្រូវបានប្ដូរឈ្មោះជាបន្តបន្ទាប់តាមកាលទេសៈរហូតមកដល់សព្វថ្ងៃនេះ ។

សម្ដេចតេជោ បានសំដែងការរីករាយដែលទំនាក់ទំនងមិត្តភាព សាមគ្គីភាពកម្ពុជា-ឡាវ ​បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” និង ស្តែងឡើងច្រើនរូបភាព,​ទាំងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា, ប្រជាជននិងប្រជាជន, បក្សនិងបក្ស ព្រមទាំងរវាងរណសិរ្សនិងរណសិរ្ស ហើយនិងបាន​ជំរុញដល់ការរីកចម្រើនលើវិស័យផ្សេងៗទៀត ទាំងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និង​កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនៅក្នុងអាស៊ាន។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវ ​សម្រាប់ប្រើប្រាស់ក្នុងប្រទេស និង​បញ្ជូន​ទៅប្រទេសសិង្ហបុរី ដែលជាគំនិតផ្តួចផ្តើមថ្មី និងជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការតភ្ជាប់ក្នុងអាស៊ាន។

ឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ស៊ីជម្រៅទាក់ទងនឹងសាមគ្គីភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយឯកឧត្តមសន្យាថា នឹងបន្តប្រពៃណីនេះ ទុកជាមរតកដ៏ថ្លៃថ្លា ហើយនិងផ្សព្វផ្សាយប្រពៃណីនេះ ជូនចំពោះយុវជនជំនាន់ក្រោយ ឱ្យបន្តខិតខំរក្សាទំនាក់ទំនងនេះ ដែលយើងមានព្រំដែនជាប់គ្នាមិនអាចលើកទៅណាបានទេ៕